(ត្បូងឃ្មុំ)៖ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយលោកអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ បានរៀបចំពិធីសូត្រមន្ត នៅបរិវេណសាលាខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើង ដើម្បី ប្រោះព្រហ្មពរជ័យ និងសូមឱ្យទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីជោគជ័យគ្រប់ភារកិច្ចការងារ ពិសេសសូមអោយសន្តិភាព ការរីកចម្រើន ជាដរាប លើដែនដីសុវណ្ណភូមិ ដែនដីដ៍រុងរឿង នៃប្រទេសកម្ពុជា៕