(ភ្នំពេញ)៖ ស្ថានីយប្រេងឥន្ធនៈ «SAVIMEX (មានជ័យ)» «SOKIMEX (ប៉េសេ)» និងដេប៉ូ «TELA (ឡុង ស៊ីដេត)» អាចនឹងត្រូវបិទអាជីវកម្មចោល ព្រោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងទាំង៣នេះ បន្តរឹងរូសលក់ប្រេងមិនគ្រប់ចំណុះតាមលេខបង្ហញលើកុងទ័រ និងបន្លំគុណភាពប្រេងដោយយកប្រេងធម្មតា ធ្វើជាងប្រេងស៊ុបពែរ។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តនៅថៃ្ងទី ០៦ ខែ មេសា ឆ្នាំ២០១៨ បានដឹកក្រុមត្រួតពិនិត្យប្រេងឥន្ធនៈចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យាបញ្ឈប់ការលក់ប្រេងមិនគ្រប់រង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងនៅលើផ្លូវ៣៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងតាមដានរកភាពអនុលោមតាមការកែតម្រូវឲ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់។
លោក គឿន ភិរុណ បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
បើតាមលោក ភិរុណ ស្ថានីយ និងដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈចំនួន ០៤កន្លែង មានតែ ០១កន្លែងបានកែតម្រូវត្រឹមត្រូវឡើងវិញ។ ចំណែក ០៣ កន្លែងទៀតមានភាពរឹងរុសមិនព្រមកែតម្រូវនោះឡើយ។
ស្ថានីយ និងដេប៉ូ៣កន្លែង ដែលនៅតែបន្តរឹងរូសលក់ប្រេងបោកប្រជាពលរដ្ឋនេះរួមមាន៖ ស្ថានីយ SAVIMEX (មានជ័យ) មានតំណាងឈ្មោះ ហួន ភានី, ស្ថានីយ SOKIMEX (ប៉េសេ) មានម្ចាស់ឈ្មោះ លឹម ចាន់ថុល និងដេប៉ូ TELA (ឡុង ស៊ីដេត) មានម្ចាស់ឈ្មោះ ឡុង ស៊ីដេត។
លោក គឿន ភិរុណ បានអះអាងថា ក្រោយឃើញពីភាពរឹងរូសរបស់ម្ចាស់ស្ថានីយ និងដេប៉ូទាំង៣កន្លែងនេះ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីពិចារណាចំពោះម្ចាស់ស្ថានីយ ដេប៉ូ ដែលមិនព្រមកែតម្រូវអំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំ ឬអាចឈានទៅបញ្ឈប់អាជីវកម្មតែម្តង។
លោក អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស និងបានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់។
លោក ភិរុណ បានរំលឹកអ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនមុននឹងសម្រេចចិត្តជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈណាមួយចាក់ប្រេង។ ពោលត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
លោក បានផ្តល់ដំបូន្មានថា មុននឹងចាក់ប្រេងត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ច តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ហើយត្រូវតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គិភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ។
លោកអនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្តល់ព័ត៌មានទៅមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬទៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕