(កណ្ដាល)៖ លោក គឹម រ័ត្នណារិន អនុប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ បានចេញដីកាឃុំខ្លួនកូនស្រីដែលកាប់សម្លាប់ឪពុកព្រោះលុយ៣០០០រៀល ដាក់ពន្ធនាគារបណ្តោះអាសន្ន។
មន្ត្រីតុលាការបានថ្លែងថា កូនស្រីរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម។ ជនរងគ្រោះឈ្មោះ ឯម រឿន អាយុ៦៦ឆ្នាំ (ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមហេតុ នៃការសម្រេចចិត្តទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញ ពេលដល់ផ្ទះក៏រាប់លុយហើយបាត់៣,០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញ នាងចាន់នី ក៏ស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។
ក្រោយពេលមន្ត្រីប៉ុស្តិ៍រដ្ឋបាលល្វាឯម ទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្បែរខាង កំលាំងក៏ចុះដល់កន្លែងកើតហេតុ និងស្វែងរកចាប់បានជនសង្ស័យ រួចបញ្ជូនមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕