Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនចូលឆ្នាំខ្មែរមកដល់! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យពង្រឹងគុណភាពទំនិញ នៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ដកហូតទឹកផ្លែឈើខូចគុណភាពមួយចំនួន

06-04-2018 16:22

(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញ ជាម្ហូបអាហារ នៅតាមបណ្តាផ្សារនានាក្នុងខេត្ត មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខ្លីខាងមុខនេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានគូសបញ្ជាក់ថា មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរជុំវិញខេត្តត្បូងឃ្មុំ ឲ្យអាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន ជាពិសេសនោះ ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ។

លោកបានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារជីមាន់ រួចមកជាលទ្ធផលបានរកឃើញ និងធ្វើការដកហូត ទឹកផ្លែឈើដប ដែលខូចគុណភាពបានមួយចំនួន ព្រមទាំងធ្វើកិច្ចសន្យាមិនឲ្យមានដាក់លក់ទំនិញខូចគុណភាពបែបនេះតទៀត និងបានធ្វើតេស្តឃីដ ដែលជាតេស្តបឋម លើសាច់ និងបន្លែមួយចំនួនដូចជា យាហ៊ឺ បង្គារស្រស់ បង្គារក្រៀម សរសៃគុយទាវ ស្ករត្នោត ជ្រក់ស្ពៃ ជ្រក់មមាញ ត្រសក់មាំ ល្ហុងមាំ និងប្រហុក គឺមិនមានផ្ទុកសារធាតុ ដែលប៉ះពាល់ដល់សុខភាពនោះឡើយ។

ជាមួយគ្នានោះដែរ លោកក៏បានណែនាំឲ្យមន្ត្រីកាំកុងត្រូលគ្រប់ច្រកល្ហកទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញ នៅតាមផ្សារ និងតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ៕