(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដាក់ឲ្យដំណើរការបណ្ដោះអាសន្ន នូវកាណូតដឹកអ្នកដំណើរ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា «យើងមានថ្ងៃនេះ ដោយសារតែយើងមាននូវសុខសន្ដិភាព និងស្ថេរភាពនយោបាយ បើគ្មានសុខសន្ថិភាពទេ យើងខ្ញុំគ្មានឱកាស មកកសាងកំពង់ផែទាំងនេះ គ្មានឱកាសជួបជុំគ្នាសប្បាយរីករាយ និងដាក់ឲ្យដំណើរការកាណូត ដឹកអ្នកដំណើរនៅក្នុងថ្ងៃនេះដែរ»។
ទេសរដ្ឋមន្ដ្រីថ្លែងទៀតថា «ដូច្នេះសូមឲ្យបងប្អូនទាំងអស់គ្នា រួបរួមគ្នា សាមគ្គីគ្នា ជួយការពារសុខសន្ដិភាព ដើម្បីយើងមានឱកាសកសាងប្រទេសជាតិ យើងមានឱកាសទាក់ទងអ្នកវិនិយោគ ឲ្យមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារដល់បងប្អូនយើងធ្វើ យើងមានលទ្ធភាព ទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងនៅស្រុកយើង មានលទ្ធភាពយកទំនិញ កសិផល ផលិតផលកម្ពុជាទៅលក់នៅបរទេសផងដែរ» ។
ទេសរដ្ឋមន្ដ្រីបន្ដថា «នេះជាកិច្ចការងារដ៏សំខាន់ ដែលខ្មែរត្រូវតែរួបរួមគ្នា ដើម្បីយើងមានឱកាសកសាងប្រទេសជាតិ ឲ្យរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ លើសពីនោះ បើយើងឈ្លោះគ្នា ប្រទេសជិតខាង គេមើលងាយយើង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកតិចទៀន ព្រោះមនុស្សយើងមាន៤ប្រភេទ មានអ្នកថា អ្នកធ្វើ អ្នកឈរមើល និងមានអ្នកតិចទៀន តែថ្ងៃនេះចង់ឲ្យអ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកតិចទៀននេះ រួបរួមគ្នាការពារ សុខសន្ដិភាពឲ្យបាន»។
ក្នុងឱកានោះផងដែរ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុនសែន ដែលអនុញ្ញាតឲ្យរៀបចំការដឹកជញ្ជូនប្រជាពលរដ្ឋតាមផ្លូវទឹក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកក្កដា ឆ្នាំ២០១៨ និងដៃគូពាក់ព័ន្ធជាច្រើនទៀត ។
សូមជម្រាបថា ថ្ងៃនេះកាណូតចំនួន ០៣គ្រឿង ដែលដាក់ដំណើរការបណ្ដោះអាសន្ន ដែល០២គ្រឿង ជាកាណូតរបស់ក្រុមហ៊ុន Royal Express Boat ផ្ទុកមនុស្ស៦០នាក់ និង០១គ្រឿងទៀត របស់កំពង់ផែស្វយ័តភ្នំពេញ ផ្ទុកបាន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព ហើយមួយគ្រឿងទៀត នឹងមកដល់កម្ពុជា នៅចុងខែមេសានេះ ដែលនឹងបានចូលរួមចំណែកដល់ការផ្តល់មធ្យោបាយ ធ្វើដំណើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ផង និងគ្រោះថ្នាក់នៅតាមដងផ្លូវផង ។
គួរបញ្ជាក់ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ដោយឆ្លងកាត់ស្ថានីយរង់ចាំអ្នកដំណើរចំនួន៦កន្លែង តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ គឺកំពង់ផែ ព្រែកព្នៅ, កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, កំពង់ភូមិដើមចាន់ នៅច្បារអំពៅ និងកំពង់ផែ សួនច្បារតាខ្មៅ៕