(កំពង់ស្ពឺ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ នាយទាហាន នាយទាហានរង ត្រូវបានបំពាក់ឋានន្តរស័ក្កិ និងផ្លាស់ប្តូរមុខងារ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម លោកមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខទាំងអស់។
នាយទាហាន នាយទាហានរង ដែលត្រូវបំពាក់ឋានន្តរស័ក្កិមានចំនួន៧៣រូប និងផ្លាស់ប្តូរមុខងារ៣៤រូប រួមទាំងកម្លាំងកងអនុសេនាធំចល័តលេខ២៣ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានកិត្តិយសត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ បានសម្រេចដំឡើងឋានន្តរស័ក្កិ និងតួនាទីទៅតាមស្នាដៃ រួមទាំងការអនុវត្តរបស់បុគ្គលម្នាក់ៗ ឲ្យសាកសមជាអ្នកការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋផងដែរ។
លោកមេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលបានបំពាក់ឋានន្តរស័ក្កិនាថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់រាល់កិច្ចការដែលថ្នាក់លើបានដាក់ជូន បន្តការថែរក្សាសន្តិសុខ ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋ ស្របតាមពាក្យមួយឃ្លា «នៅឲ្យប្រជាពលរដ្ឋស្រឡាញ់ ចេញឲ្យប្រជាពលរដ្ឋនឹករលឹក»។ ជាពិសេសជាងនេះ ត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបំផុត។
ស្របជាមួយគ្នានោះដែរ លោកមេបញ្ជាការ បានលើកយកអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន ជាបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ត្រូវនាំគ្នាបង្ក្រាប អប់រំ បងប្អូនប្រជាពលរដ្ឋចំពោះបញ្ហាគ្រឿងញៀន ហើយក្រុមគ្រួសាររបស់យើងជាកងកម្លាំង យើងផ្ទាល់ដាច់ខាតកុំពាក់ព័ន្ធនិងគ្រឿងញៀន ចំពោះយើងជាកងកម្លាំងអាចប្រឈមមុខ និងការដកតំណែងតែម្តង។ រួមការពារធនធានធម្មជាតិ ការពារព្រៃឈើ ក្នុងនោះត្រូវតែបង្ក្រាបដាច់ខាតចំពោះក្រុមឈ្មួញ ដែលកំពុងដឹកជញ្ជូននាំចេញទៅបរទេស ពីព្រោះថា រាជរដ្ឋភិបាលក្នុងពេលនេះ មិនអនុញ្ញាតច្បាប់ឲ្យមានការនាំចេញឈើឡើយ លើកលែងតែការចរាចរក្នុងស្រុកតែប៉ុណ្ណោះ៕