(កោះកុង)៖ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្រ្តីអាវុធហត្ថរបស់ខ្លួនចំនួន៨៣នាក់ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង បានផ្តាំផ្ញើឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើអង្គភាព និងត្រៀមកម្លាំងបែងចែក ចុះទៅតាមគោលដៅដើម្បីការពារ ថែរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងដំណើរកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
ក្រោយបានបញ្ចប់ ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង បានរៀបចំកម្មវិធីបាយសាមគ្គីជូនដល់កម្លាំង អ.ហ ខេត្តដើម្បីអបអរសាទរមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ៕