(ភ្នំពេញ)៖ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញវ័ន្តខ្មែរ កុំឱ្យធ្វើដូចអ្នកចេះដឹងមួយចំនួន ដែលចាំតែស្រែកជេរគេថា «ក្បត់ជាតិ» មើលរំលងនូវអ្វីដែលខ្លួនបានធ្វើ ទាំងខ្លួនឯងបានក្បត់ជាតិ និងសញ្ជាតិរបស់ខ្លួនហើយនោះ។
ការអះអាងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣២៤អង្គ/នាក់ នៅសាកលវិទ្យាល័យខេមរៈ នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០១៨នេះ។ លោកបណ្ឌិត សុខ ទូច បានថ្លែងថា ចាប់តាំងពីមានសន្តិភាពឡើងវិញ ការកសាងវិស័យអប់រំ ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាបាននូវការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នអប់រំ ជាកត្តាដែលចាំបាច់ជាងគេបំផុតមួយ។
លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូចថា «ថ្ងៃនេះលោកគ្រូ អ្នកគ្រូ ឈប់បន្ទោសអ្នកដទៃ ត្រូវតែខំដោយខ្លួនឯងព្រោះ លោកគ្រូ អ្នកគ្រូ បានកាន់ពន្លាក់ និងញញួរនៅក្នុងដៃ ហើយសង្គមទាំងមូល រង់ចាំលោកគ្រូ អ្នកគ្រូ រង់ចាំលោកបណ្ឌិត លោកអនុបណ្ឌិត ឬបរិញ្ញាប័ត្រជាន់ខ្ពស់ រងចាំឆ្លាក់ នៃចម្លាក់ដ៏ល្អបើសិនជាយើងមិនជួយឆ្លាក់សង្គមខ្មែរទេ តើយើងបន្ទោសអ្នកណា វាខុសពីអ្នកដទៃ ចាំតែស្រែកជេរគេថាក្បត់ជាតិ តែខ្លួនឯងបានក្បត់ សញ្ជាតិរួចទៅហើយ គេនៅស្រុកខ្មែរគេខំជួយសង្គម ចឹងលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនហើយឆ្លាក់បានយ៉ាងដូចម្តេច គឺអាស្រ័យ លោកគ្រូហើយ កុំបន្ទោសអ្នកដទៃ»។
ពាក់ព័ន្ធការលើកឡើងនេះ លោកបណ្ឌិត សុខ ទូច ហាក់បីដូចជាចង់សំដៅទៅលើថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ដែលត្រូវបានកាត់រំលាយដោយ តុលាការកំពូលពាក់ព័ន្ធអំពើរឿងក្បត់ជាតិ។ ដែលបានតាំងខ្លួនឯងថាជាបញ្ញវ័ន្ត មានចំណេះដឹងបែរជាធ្វើរឿងមិនគម្បី ជាមួយប្រជាជន ជាតិមាតុភូមិទៅវិញ ដែលបានចូលដៃចូលជើងជាមួយរដ្ឋបរទេសមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ទៅវិញ។ មិនតែប៉ុណ្ណោះមិនបានយកចំណេះដឹង ដែលខ្លួនមានទៅបម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍ គឺគិតតែដើរទៅអំពាវនាវឲ្យបរទេសកាត់ជំនួយ និងផ្អាកការបញ្ជារទិញទំនិញពីកម្ពុជាទៅវិញ។
លោកបណ្ឌិត សុខ ទូច បានបន្តថា ការប្រមូលចំណេះដឹងនានា ជារឿងសំខាន់សម្រាប់យុវជន ព្រោះសង្គមមានភាពរីកចម្រើន និងការអភិវឌ្ឍទៅមុខបាន គឺកើតឡើងដោយសារយុវជន ហើយប្រទេសជាតិក្លាយជាចលាចលក៏ដោយសារយុវជនផងដែរ។ លោកបានអំពាវនាវ ដល់យុវជនត្រូវតាមដានឱ្យជាប់នូវសភាពការណ៍កម្ពុជា ចៀសវៀងការបំផ្លើសអ្វីដែលមិនពិតរហូតបង្កការបំផ្លិចបំផ្លាញដល់ជាតិ។
លោកបណ្ឌិត បានបញ្ជាក់ថា ការអប់រំ គឺជាធនធានបញ្ញា ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមការអនុវត្តគោល នយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ៕