(កំពង់ឆ្នាំង)៖ លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកមួកសុវត្ថិភាពចំនួន៣៥០មួកទៅបំពាក់ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១ ដើម្បីចូលរួមចំណែក ក្នុងការគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើតាមម៉ូតូ និងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។
លោកស្រីអភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍បាន។
លោកថ្លែងបែបនេះ នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុជ និងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចូលរួមប្រមាណជាង ៦០០នាក់។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ការបា្ររពទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើទី១១នៅពេលនេះ គឺជាការវាយជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យលាន់សូរលឺរំពងសព្វទិសទី រួមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ ឲ្យមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
តាមរយៈវេទ្ធិការនេះលោកស្រីក៏បានសំណូមពរ ដល់អ្នករត់តាកស៊ី និងតាមបណ្ដាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមកុំតម្លើងថ្លៃឈ្នួល ក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
តាមរបាយការណ៍លោក កែវ ពៅ ប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងនៅក្នុងឆ្នាំ២០១៧ កើនឡើងចំនួន៨៥លើក បើប្រៀបធៀបនឹងឆ្នាំ២០១៦ចំនួន៦៩លើក កើនឡើង១៦លើក។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសចំនួន១៧៩នាក់ ប្រៀបធៀបឆ្នាំ២០១៦ ចំនួន១៧៥នាក់ កើនឡើង៤នាក់ និងបណ្តាលឲ្យស្លាប់៣៣នាក់ ប្រៀបធៀបឆ្នាំ២០១៦ ចំនួន៤៧នាក់ ថយចុះ១៤នាក់។
លោកបានបញ្ជាក់ថា គ្រោះថ្នាក់បណ្តាលមកពីកត្តា៣សំខាន់ៗគឺ ទី១៖ កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្រែក្រវ៉ាត់ជាដើម, ទី២៖ កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ី កង់ចាស់ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម, ទី៣៖ កត្តាផ្លូវ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍។
នៅក្នុងពិធីនេះដែរ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបាន ចែកមួកសុវត្ថិភាពចំនួន៣៥០មួក ដល់ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប នៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង សូមបញ្ជាក់ថាបើគិតតាំងពីដើមឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី០៥ ខែមេសានេះ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចែកមួកដល់ប្រជាពលរដ្ឋគ្រប់ស្រុកក្នុងខេត្ត បានចំនួន៨០០មួកហើយ។
ដោយឡែកស្ថាប័ន អង្គភាពរដ្ឋ និងឯកជនចំនួន១៥នាក់ ដែលបានជួយឧបត្ថម្ភមួកសុវត្តិភាពកន្លងមក ក៏ត្រូវបានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ផ្តល់ជូននូវលិខិតថ្លែងអំណរគុណផងដែរ៕