(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក តំណាងនាយឧត្តមសេនីយ៍ គន់ គីម និងលោកស្រី ឃុន សូដារី នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន-និវត្ដន៍ជន និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជន នៅស្រុកលើកដែក ខេត្តកណ្ដាលចំនួន៣៧១នាក់។
ពិធីចុះជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន-និវត្ដន៍ជន និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជន ខាងលើនេះ ក៏មានការចូលរួមពី លោក ងូវ ប៉េងចន្ទដារ៉ា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានកិត្ដិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្ដាលផងដែរ។
ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងផ្ញើក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃឲកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលផងដែរ។
លោកអគ្គនាយកបានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកតែងតែងនឹករលឹកចំពោះបងប្អូន អតីតយុទ្ធជនយើងជាប់ជានិច្ច។ សម្តេចទាំងពីរតែងតែផ្តាំផ្ញើជានិច្ចឲ្យសួរសុខទុក្ខបងប្អូន និងបានផ្តាំផ្ញើឲ្យចិត្តទុកដាក់ខ្ពស់បំផុតទៅលើជីវភាព និងការរស់នៅរបស់បងប្អូន»។
លោក ហេង រតនា បានលើកឡើងថា បងប្អូនអតីតយុទ្ធជនកម្ពុជា គឺជាចំណែកដ៏សំខាន់ក្នុងរក្សានូវសុខសន្តិភាព និងភាពរស់រៀនជាថ្មីរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
លោកអគ្គនាយកបានលើកឡើងថា «ការលះបង់របស់បងប្អូនអតីតយុទ្ធជន គឺជាចំណែកមួយដ៏ធំធេងណាស់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មេដឹកនាំនាវាកម្ពុជាដ៏ខ្លាំងក្លា ដើម្បីរក្សាបាននូវការរស់រៀនរបស់ជាតិ និងប្រជាជន ក្រោយពេលរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងនាំកម្ពុជារកឃើញពន្លឺសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន»៕