(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០១៨ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានចូលរួមបើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដែលបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
កិច្ចប្រជុំលើកទី១ មានគោលបំណង៖
ទី១៖ ពិនិត្យផែនការយុទ្ធសាស្រ្តស្វែងរកការគាំទ្រយេនឌ័ររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត
ទី២៖ ចាត់អាទិភាពផែនការសកម្មភាពស្វែងរកការគាំទ្រស្រ្តីរយៈពេល ២ ឆ្នាំ(២០១៨-២០១៩)
ទី៣៖ កំណត់តម្រូវការបណ្តុះបណ្តាលដល់គណៈកម្មការ
ទី៤៖ រៀបចំផែនការសកម្មភាពឆ្នាំ២០១៨។
គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសមាគមជាតិ អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានា ជាពិសេស «ផែនការយុទ្ធសាស្រ្តស្វែងរកការគាំទ្រ យេនឌ័រ» ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងការសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។
គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារដឹកនាំដោយប្រធានមួយរូបគឺលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងអនុប្រធានមួយរូបគឺលោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។ រីឯសមាជិកគណៈកម្មការ ៣ រូបទៀតរួមមាន៖ លោក សុខ យ៉ាន សមាជិក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោកស្រី ចាន់ សេង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកស្រី នាង កឹមមើ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ។
កិច្ចប្រជុំក៏មានការចូលរួមផងដែរពីតំណាងក្រសួងកិច្ចការនារីគឺលោកស្រី កឹម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច និងលោក ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្កា នៃក្រសួងសុខាភិបាល។ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៨៤២ សជណ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីមហាសន្និបាតនាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តមានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ ជាសមាជិក, ដែលសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត ៣៩៣ រូប។ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក៕