(ភ្នំពេញ)៖ ក្រោយសម្រាកការប្រកួតមួយរយៈ ដោយសារភារកិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី៤ នៅថ្ងៃទី០៧-០៨ ខែមេសាចុងសប្ដាហ៍នេះហើយ ដោយមាន ៦ប្រកួតដូចសព្វដង ហើយសុទ្ធសឹងជាគូសំខាន់ៗ ទៀតផង ។
ចំពោះកម្មវិធីប្រកួតថ្ងៃទី០៧ ខែមេសា គឺមាន ៣ប្រកួតរួមមាន៖ ក្រុមវិសាខា ប៉ះក្រុមអាស៊ីអឺរ៉ុប ដែលគ្រោងធ្វើនៅកីឡដ្ឋានវេស្ទើន នាវេលាម៉ោង ៣រសៀល ត្រូវបានប្ដូរមកប្រកួតនៅពហុកីឡដ្ឋានជាតិវិញ នៅវេលាម៉ោង ៦ល្ងាច ។ តែគូពិសេសសម្រាប់ថ្ងៃស្អែកនេះ គឺក្រុមខ្លាំងភ្នំពេញក្រោន បើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមខ្លាំងណាហ្គាវើល ដែលកំពុងកាន់ ៧ពិន្ទុឈរកៅអី Top-4 ដូចគ្នា ។ រីឯមួយប្រកួតទៀត គឺក្រុមការពារតំណែងជើងឯកបឹងកេត ត្រូវជួបក្រុមចំណូលថ្មីសូលទីឡូអង្គរ លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៣រសៀល ។
ដោយឡែកនៅថ្ងៃទី០៨ ខែមេសា ក៏មាន ៣ប្រកួតផងដែរ ដូចជាក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ នាវេលាម៉ោង ៦ល្ងាច ។ ក្រុមក្រសួងការពារជាតិ ជួបក្រុមវេស្ទើនភ្នំពេញ លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៣រសៀល និងក្រុមអគ្គិសនីកម្ពុជា បើកទ្វារកីឡដ្ឋាន EDC ទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាវេលាម៉ោង ៣រសៀល ។ ចំណែកលទ្ធផលការប្រកួត ៣សប្ដាហ៍កន្លងទៅ គឺក្រុមបឹងកេតកំពុងឈរកំពូលតារាងមាន ៩ពិន្ទុពេញ ហើយតាមពីក្រោយដោយក្រុមណាហ្គាវើល, វិសាខា និងភ្នំពេញក្រោន ដែលសុទ្ធតែមាន ៧ពិន្ទុស្មើៗគ្នា ។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៤ និងតារាងពិន្ទុសប្ដាហ៍ទី៣ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖