(ប៉ៃលិន)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញ ជាម្ហូបអាហារ និងដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល លើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅមុនឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ លោក ឈិម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំ មន្ត្រីកាំកុងត្រូល បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ព្រមទាំងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារសាលាក្រៅ ក្នុងភូមិទូល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ឈិម វាសនាបានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន នៅមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ លោកផ្ទាល់ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ជាក់ស្តែងនៅថ្ងៃនេះ លោកបានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចម្បង ចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ។ លើសពីនេះអាចឲ្យគាត់យល់ដឹង ដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាពយកមកលក់ និងទទួលទាន។
លោកប្រធានសាខា បានបន្តថា «បន្ទាប់ពីបានពិនិត្យតេស្តឃីដភ្លាមៗ ទៅលើ ស្ពៃជ្រក់ ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើរួចមក គឺយើងទទួលបានលទ្ធផលល្អ ដោយរបស់របរលក់ដូរទាំងនោះ ពុំមានដាក់នូវសារធាតុគីមី ហាមឃាត់នោះទេ ហើយជាពិសេសទៅទៀត មន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យ ផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារ ទទួលបានលទ្ធផលល្អ ដោយពុំបានប្រទះឃើញ ទំនិញ ដែលខូចគុណភាព សំបកប៉ោងកំប៉ិត ច្រេះ និងហួសកាលបរិច្ឆេទ ប្រើប្រាស់នោះឡើយ ដែលនេះបង្ហាញឲ្យឃើញថា បន្ទាប់ពីមន្ត្រីកាំកុងត្រូលតែងតែ ចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមក ធ្វើឲ្យអាជីវករលក់ដូរយល់ដឹងច្រើន។ ជាក់ស្តែងលទ្ធផលដ៏ល្អ ដែលទទួលបានក្រោយចុះពិនិត្យនាថ្ងៃនេះ»។
ជាមួយគ្នានោះដែរ លោក ឈិម វាសនា ក៏បានណែនាំឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញ ដែលឆ្លងកាត់ច្រកព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ។ ស្របពេលនោះដែរ ប្រជាពលរដ្ឋដែលចូលរួមសង្កេតនូវការចុះត្រួតពិនិត្យ របស់មន្ត្រីកាំកុងត្រូលខេត្ត ក៏បានបង្ហាញនូវទឹកចិត្តរីករាយ ដែលអាជីវករលក់ដូរនូវទំនិញ មិនមានផ្ទុកនូវសារធាតុគីមី ជាពិសេសនោះ គឺគ្រប់ពេលពួកគាត់តែងតែទទួលបាននូវការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានផងដែរ៕