(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅមជ្ឈមណ្ឌកោះពេជ្រ ក្រោមវត្តមានលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា និងមានការចូលរួមដោយលោកអភិបាលខណ្ឌ៧មករា សមាជិក សមាជិកា បក្សខណ្ឌ សង្កាត់ ភូមិ និងយុវជននៅក្នុងខណ្ឌ៧មករា ប្រហែល៦៧០នាក់។
លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានថ្លែងនៅក្នុងកម្មវិធីនេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា និងមានមោទនភាពក្រៃលែង ដែលមានកិត្តិយសចូលរួម ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ការជួបជុំសមាជិក សមាជិកាបក្សនេះ សបញ្ជាក់ឲ្យឃើញនូវ មហាសាមគ្គី ភាតរភាព និងការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពពង្រឹងការងារបក្សថ្នាក់មូលដ្ឋាន ដើម្បីដណ្តើមបានជោគជ័យ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ»។
លោក គាត ឈន់ បានជំរុញលើកទឹកចិត្តសកម្មជនគ្រប់លំដាប់ថ្នាក់ កសាងនូវអង្គការចាត់តាំងចាប់ពីថ្នាក់សង្កាត់ ភូមិ និងយុវជន ឲ្យខិតខំបន្ថែមទៀតនូវការកសាងសមាជិក សមាជិកាបក្ស ឲ្យគ្រប់តាមផែនការដែលថ្នាក់លើ ប្រគល់ជូនក្នុងគោលបំណងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានជ័យជម្នះ។
លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានបញ្ជាក់ផងដែរថា «គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ គឺរក្សាបាននូវសុខសន្តិភាព ស្ថេរភាព សង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះ យើងជាសមាជិក សមាជិកា ត្រូវប្តេជ្ញារក្សាការពារ និងពង្រឹងឲ្យបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គមឲ្យស្ថិតស្ថេរជារៀងរហូត»៕