Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាត់លុយ៣០០០រៀលសោះ កូនស្រីទាញកាំបិទកាប់ឪពុកបង្កើត អាយុ៦៦ឆ្នាំស្លាប់ នៅស្រុកល្វាឯម ខេត្តកណ្តាល

06-04-2018 08:23

(កណ្តាល)៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានឲ្យដឹងថា មានករណីឃាតកម្មមួយ បានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល ដោយផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម។ ជនរងគ្រោះឈ្មោះ ឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ (ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ ភេទស្រី (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមហេតុនៃការសម្រេចចិត្តទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញ ពេលដល់ផ្ទះក៏រាប់លុយហើយបាត់៣,០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ ពេលឪពុកមកពីកន្លែងកាត់សក់វិញ នាងចាន់នី ក៏ស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិ៍រដ្ឋបាលល្វាឯម ទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្បែរខាង កំលាំងក៏ចុះដល់កន្លែងកើតហេតុ និងស្វែងរកចាប់បានជនសង្ស័យ រួចបញ្ជូនមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕