(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា បានអះអាងយ៉ាងជាក់លាក់ថា ឆ្នាំនេះការនាំចេញអង្ករ​ទៅកាន់​ទីផ្សារអន្ដរជាតិ នឹងមិនមានការថយចុះនោះឡើយ ទោះបីត្រឹមត្រីមាសទី១ ឆ្នាំ២០១៨នេះ មានការថយចុះ នៃការនាំចេញយ៉ាងណាក៏ដោយ ព្រោះថាការនាំចេញអង្ករនឹងកើនឡើងវិញជាក់ជាពុំខាន នៅខែក្រោយៗ។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានអះអាងបែបនេះ ស្របពេលដែលរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទ នាំចេញអង្ករបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០១៨ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិបានធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

តាមរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេលបីខែដំបូងឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករបាន ១៦១,១១៥តោន ធ្លាក់ចុះ៣.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន១៦៦,៦៧៨តោន។

លោក សុង សារ៉ន បានបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឲ្យត្រីមាសទី១ ឆ្នាំ២០១៨នេះ ការនាំចេញអង្ករមានការថយចុះគឺ ទី១៖ បណ្ដាលមកពីស្ដុក​អង្ករបានសម្រុកចេញខ្លាំង នៅក្នុងខែវិច្ឆិកា-ធ្នូ ដែលធ្វើឲ្យខែមករាដើមឆ្នាំ២០១៨ អង្ករដែលបានកិនមានច្រើនលើសលប់។ កត្តាទី២៖ បណ្ដាលមកពីតម្លៃអង្ករឡើងថ្លៃជាងមុន ពោលគឺ ឡើងថ្លៃជាងអង្ករវៀតណាម។ ការឡើងថ្លៃខ្លាំងនេះ ធ្វើឲ្យអតិថិជនពន្យារពេលក្នុងការទិញ។

អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានបន្ដទៀតថា «ក្នុងកំឡុងខែមេសា-ឧសភា ឆ្នាំ២០១៨នេះ ការនាំចេញអង្ករនឹងកើនឡើងវិញជា​ពុំខាន ​ដោយសារតែរដូវស្រូវថ្មីបាននឹងកំពុងមកដល់ តែទោះជាយ៉ាងណា​ការនាំចេញអង្ករនៅក្នុងឆ្នាំនេះ នឹងអាចមានភាព​ប្រហាក់ប្រហែល​នឹងការ​នាំចេញដូចរាល់ឆ្នាំ ឬលើសពីនេះ តែមិនអាចថយចុះនោះឡើយ មួយវិញទៀតដោយសារតែអង្ករ របស់កម្ពុជាមានគុណភាពល្អ»

លោកបញ្ជាក់បន្ថែមទៀតថា ការធ្លាក់ចុះនេះមិនមែនជាបញ្ហាចោទនោះឡើយ ព្រោះការធ្លាក់ចុះនេះ មានភាពលម្អៀង​តិចតួចប៉ុណ្ណោះ។​

សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណ៦០ប្រទេស ដែលក្រុមហ៊ុននាំចេញមានជាង៦០ក្រុមហ៊ុន។ ឆ្នាំ២០១៧ អង្កររបស់កម្ពុជានាំចេញបាន ជាង៦៣ម៉ឺនតោន៕