(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញប្រកាសដាក់ឲ្យដំណើការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពី ខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ។
ក្នុងឱកាសដាក់ឲ្យដំណើរការ កាណូតដឹកអ្នកដំណើរព្រែកព្នៅ ទៅតាខ្មៅនេះ ក្រសួងអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។
កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មានកំពង់ផែ៦ទីតាំង និងកាណូតចំនួន២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះក៏មានកាណូតចាស់ៗចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។
ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕