(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបសមិទ្ធិផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី០៥ ខែមេសានេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គ្រូពេទ្យ ត្រូវចាត់ទុកកុមារ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួន ដូចជាកូនជាចៅរបស់យើងចឹង បានសេចក្ដីថា យើងជួយចែករំលែកនូវការឈឺចាប់របស់ឪពុកម្ដាយគេ ដែលជាផ្នែកយើងត្រូវពង្រឹងនូវស្មារតីទទួលខុសត្រូវ ការយកចិត្ដទុកដាក់ ព្យាបាល និងថែរក្សា ដែលនេះជាស្មារតីដ៏មានសារៈសំខាន់ ។
រដ្ឋមន្ដ្រីថ្លែងទៀតថា «ក្នុងនាមជាគ្រូពេទ្យ ពិសេសនៅពេទ្យកុមារជាតិផ្ទាល់តែម្ដង ត្រូវបង្កើននូវសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ឲ្យបានជាប្រចាំ ការទទួលរាក់ទាក់ ការជួយបន្ទុកបម្រុង ការផ្ដល់ប្រឹក្សា ការពិនិត្យទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងការជួយជំរុញលើកទឹកចិត្ដ រួមទាំងថែមទាំកុមាររបស់យើង និងផ្ដល់ប្រឹក្សាដល់មាតាបិតារបស់កុមារ ដើម្បីដឹងពីការថែទាំកុមាររបស់យើង ឲ្យកាន់តែមានសុខមាលភាពល្អបន្ថែមទៀត ពិសេសរបៀបបង្ការជំងឺឆ្លងផ្សេងៗ» ។
ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្យ នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា ក្នុងនាមជាមន្ដ្រី និងបុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ ក្នុងការពង្រឹងសមត្ថភាពប្រកបដោយតម្លាភាព និងរក្សាជានិច្ចនៅក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពកុមារ ឲ្យបានជាអតិបរិមា ។ជាក់ស្ដែង ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារជាតិ បានទទួលការពិនិត្យព្យាបាលជំងឺដល់កុមារ មានច្រើនទៅៗ នឹងទទួលបានភាពវិជ្ជមានក៏ច្រើនផងដែរ ។
លោកសាស្ដ្រាចារ្យបានបន្ថែមទៀតថា ចំពោះការថែទាំ និងព្យាបាលកុមារ ក្នុងឆ្នាំ២០១៧ នៅមន្ទីរពេទ្យកុមារជាតិ មានការកើនឡើងជាងឆ្នាំ២០១៦៖
*ការពិនិត្យ និងពិគ្រោះ ជំងឺក្រៅ មានការកើនឡើង រហូតដល់ទៅ ៣.៧% បើប្រៀបធៀបទៅឆ្នាំ២០១៦ គឺពី១១៥,២០៥ ទៅ ១១៩,៤៤៧ករណី ។
*ការទទួលឲ្យសម្រាកពេទ្យ មានការកើនឡើង រហូតដល់ទៅ ១៥.៨% បើធៀបទៅនឹងឆ្នាំ២០១៦ គឺពី ១៦,២២៣នាក់ អត្រាប្រើប្រាស់គ្រែ បានដល់ ១២៧.២% នៅក្នុងឆ្នាំ២០១៧ ។
*សេវាវិទ្យុសាស្ដ្រ និងអេកូសាស្ដ្រ មានការកើនឡើង ពី២៧% បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦ វិទ្យុសាស្ដ្រ ពី ៦,៧៤៨ដល់ ៩,០៥៨ អេកូសាស្ដ្រ ពី ៥,០៤៧ ដល់ ៦,៣៤៧។
*ការពិនិត្យ និងវិភាគសរុប នៅមន្ទីរពិសោធន៍ កើនឡើង ២១.៦% បើប្រៀធៀប នឹងឆ្នាំ២០១៦ ពី ៩៥,៥៥១ តេស្ដ ដល់១១៦,១៤៣ តេស្ដ ។
*ជាមួយគ្នានេះ មន្ទីរពេទ្យកុមារជាតិ ក៏បានចូលរួមក្នុងការបង្ការតាមរយៈការចាក់វ៉ាក់សាំង បង្ការជូនកុមារ ដែលមានការកើនឡើង ១១.៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ចំនួន ១៥,៣១៦ ទៅ១៧,១៤០ដង ក្នុងឆ្នាំ២០១៧ ។
*សេវាព្យាបាលដោយចលនា មានការកើនឡើង ពី ៣២.៦% បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦ ពី ៨,០៩៨នាក់ ដល់ ១០,៧៤១នាក់ ។
*មន្ទីរពេទ្យមានគម្រោងបង្កើនចំនួនគ្រែ ពី ១៥០គ្រែ ទៅ៣០០គ្រែ ហើយបានពង្រឹងផ្នែកឯកទេស ( Sub Specialist ) និងគ្រោងបង្កើតផ្នែកសម្ភពមួយ ដែលមាន ៤០គ្រែ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពទារក ទើបនឹងកើត នាចុងឆ្នាំ២០១៨នេះ ៕