(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រលើកទី២២ និងថែទាំវេជ្ជសាស្ដ្រ លើកទី៩ នៅថ្ងៃទី០៥ ខែមេសានេះ នាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានឲ្យដឹងថា ការលើកកម្ពស់សមត្ថភាព និងសីលធម៌វិជ្ជាជីវៈ នឹងធានាបាននូវគុណភាព និងប្រសិទ្ធិភាពខ្ពស់ ក្នុងការពិនិត្យព្យាបាល និងទំនុកចិត្ដពីប្រជាពលរដ្ឋ ។
លោកថ្លែងទៀថា ក្រោមការដឹកនាំ របស់រដ្ឋមន្រី្ដ ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល នៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់ សមត្ថភាព និងសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនេះ ឲ្យកាន់តែប្រសើរ ខណៈដែលយើងបានបំពាក់ នូវសម្ភារៈបរិក្ខារពេទ្យទំនើបៗ ស្របទៅតាមបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ។
លោកសាស្ដ្រាចារ្យថ្លែងទៀតថា «សព្វថ្ងៃនេះ សេវាសុខភាពរបស់កម្ពុជាយើង កាន់តែប្រសើរមួយកម្រិតទៀតហើយ ដែលកំពុងតែប្រជែងនឹងប្រទេសជិតខាង ដែលធ្វើឲ្យអ្នកជំងឺមួយចំនួន ដែលចេញទៅពិនិត្យនៅក្រៅប្រទេស បានមកទទួលយកសេវាព្យាបាលនៅស្រុកយើងវិញ ។ ហេតុនេះ យើងត្រូវតែបន្ដជំរុញនូវសមត្ថភាព និងសីលធម៌នេះ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាមួយនឹងចំណេះជំនាញច្បាស់លាស់ ដើម្បីទទួលបានការទំនុកចិត្ដកាន់តែខ្ពស់ពីប្រជាពលរដ្ឋ» ។
ទន្ទឹមនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា «ពិតណាស់ ខ្ញុំនិងមន្ដ្រីពេទ្យទាំងអស់ គាំទ្រនឹងការលើកឡើងរបស់ លោកសាស្ដ្រាចារ្យ ធា គ្រុយ ក្នុងការអភិវឌ្ឍន៍ សមត្ថភាព បច្ចេកទេស និងអ្វីដែលកាន់តែសំខាន់នោះ គឺក្រមសីលធម៌វិជ្ជាជីវៈ។ ដូចនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រលើកទី២២ និងថែទាំវេជ្ជសាស្ដ្រ លើកទី៩ រយៈពេល២ថ្ងៃនេះ នឹងទទួលបាននូវការផ្លាស់ប្ដូរបទពិសោធន៍ យោបល់ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងការជំរុញឲ្យមានការយកចិត្ដទុកដាក់ ពង្រឹង និងលើកស្ទួយបច្ចេកទេសជាប់ជាប្រចាំ ដើម្បីឲ្យការផ្ដល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដល់ប្រជាជន » ។
លោកសាស្ដ្រាចារ្យបន្ដថា «យើងឃើញស្រាប់ ពីមួយឆ្នាំៗ ឃើញថាអ្នកជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋរបស់យើង កាន់តែកើនជាលំដាប់ ខណៈដែលអគារព្យាបាល និងការបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗ គុណភាព និងមានការសហការជាមួយដៃគូក្រៅប្រទេសថែមទៀតនោះ បានធ្វើឲ្យសេវាសុខភាពរបស់យើងប្រហាក់ប្រហែលនឹងប្រទេសជិតខាង»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យព្យាបាលនៅមនី្ទរពេទ្យ មិត្ដភាពខ្មែរ-សូវៀត មានចំនួន ៣៦៨,៥១៤នាក់ ក្នុងនោះពិគ្រោះជំងឺក្រៅ មានចំនួន៣៣៣,២៥៩នាក់ និងសម្រាកព្យាបាល មានចំនួន៣៥,២៥៥នាក់ ៕