(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូអាវុធហត្ថរាជធានីភ្នំពេញចូលរួមបុណ្យខួប៧ថ្ងៃ របស់សពលោកវរសេនីយ៍ត្រី មាស ធន មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ។
ជាមួយនឹងការចូលរួមបុណ្យខួប៧ថ្ងៃខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកថវិកាចំនួន ៥២,៤៦៩,០០០រៀល ក្នុងនោះមានថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមឡើងដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣៩,៤៦៤,០០០រៀល ព្រមទាំងថវិការបស់មូលនិធិកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ១៣,០០៥,០០០រៀល អង្ករ៤បាវ ទឹកក្រូច៤កេស ទឹកសុទ្ធ៤កេស ប្រគល់ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិតតទៅមុខ ខណៈដែលបង្គោលគ្រួសារមួយនេះបានបាត់បង់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់គ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន ថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ។
ជាក់ស្តែង ក្នុងពេលដែលលោកវរសេនីយ៍ត្រី មាស ធន បានលាចាកលោកទៅ អាវុធហត្ថរាជធានីភ្នំពេញទាំងអស់បានបង្ហាញនូវក្តីស្តាយស្រណោះអាលោះអាល័យ និងចងចាំគុណូបក្ការៈរបស់លោក មាស ធន ដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលាចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ប្រកបដោយភាពក្តុកក្តួល។
អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមរៀបចំពិធីបុណ្យសព និងបូជាសពប្រកបដោយភាពស្វាហាប់ ជាពិសេសអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងសាមគ្គីរបស់មហាគ្រួសារអាវុធហត្ថទូទាំងប្រទេស បានរួមគ្នាបរិច្ចាគធនធានប្រគល់ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន ដូចដែលបានឃើញជាក់ស្តែងខាងលើ គឺមានចំនួន ៥២,៤៦៩,០០០រៀល។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើតចាស់ឈឺស្លាប់ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះបើយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត ត្រូវចេះរៀបចំធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ដើម្បីជៀសឲ្យផុតពីភាពក្រីក្រ ហើយប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវជៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ជាពិសេសសូមជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន៕