(ចិន)៖ វគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនអាស៊ី ជាលើកដំបូង របស់កម្មវិធីគំនិតផ្តួចផ្តើម eFounders ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នាទីក្រុងហានចូវ ប្រទេសចិន។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជសាស្រ្ត Alibaba នេះមានគោលបំណង ដើម្បីបំពេញចន្លោះប្រហោងឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពលរបស់ពួកគេ។
ជាមួយនឹងការបិទបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធី eFounders លើកទីពីរនេះ Alibaba នាពេលនេះ គឺជាជំហានថ្មីមួយទៀត ដើម្បីខិតទៅរកការបំពេញបាននូវការប្តេជ្ញាចិត្ត របស់លោក Jack Ma ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibaba Group ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច។
ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត ក្រុមហ៊ុន Alibaba និង UNCTAD នឹងជួយពង្រឹងសមត្ថភាព និងលើកកម្ពស់សិទ្ធិអំណាចដល់សហគ្រិនចំនួន ១,០០០នាក់ នៅតាមបណ្តាប្រទេស កំពុងអភិវឌ្ឍដើម្បីទាញយកផលប្រយោជន៍ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
លោកស្រី Arlette Verploegh អ្នកសម្របសម្រួលកម្មវិធីគំនិតផ្តួចផ្តើម eFounders របស់ UNCTAD បានថ្លែងថា «ស្មារតីដ៏ស្វាហាប់ មោះមុត និងភាពច្នៃប្រឌិតរបស់ សហគ្រិន វ័យក្មេង ទាំងនេះ និងវិធីសាស្រ្តដែលផ្តល់ការយកចិត្តទុកដាក់រវាងគ្នានឹងគ្នាដែលពួកគេបានបង្ហាញដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ គឺកំពុងតែស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ហើយក៏បានលើកទឹកចិត្តពួកគេ ឲ្យចូលរួមកាន់តែសកម្មថែមទៀតដែរ»។
លោកស្រីបានបន្ថែមថា «រឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេពិតជាបានផ្តល់នូវការជំរុញទឹកចិត្ត និងផ្តល់នូវគំរូមួយយ៉ាងពិតប្រាកដ ដែលអាចឲ្យមនុស្សជំនាន់ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ ដល់សហគមន៍របស់ពួកគេ»។
សហគ្រិនអាស៊ីចំនួន៣៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងនោះមានសហគ្រិន២រូប ដែលពួកគាត់មកពីប្រទេសកម្ពុជា ដែលមានឈ្មោះដូចជា៖
ទី១៖ លោក ជា ឡង់ដា ជាស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញសម្រាប់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ។
ទី២៖ លោក ស៊ឹម ចាន់គីរីរ័ត្ន ជាស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។
ឆ្លងកាត់វគ្គសិក្សាអស់រយៈពេល ១១ថ្ងៃនេះ សហគ្រិនអាស៊ីទាំងអស់ ទទួលបានទស្សនៈទាន និងចំណេះដឹងមូលដ្ឋានជាច្រើន បានទៅធ្វើទស្សនកិច្ចទៅកាន់ទីតាំងក្រុមហ៊ុនផ្សេងៗ និងបានចូលរួមក្នុងវគ្គសិក្សាដើម្បីស្វែងយល់ ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិនដែលបានឆ្លងកាត់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
ដោយប្រើប្រាស់ក្រុមហ៊ុន Alibaba ជាគំរូនៃការសិក្សារួមជាមួយនឹងការចូលរួមក្នុងកិច្ចប្រជុំនានា និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលទើបតែបានបង្កើតឡើងថ្មីៗ និងសាលាពាណិជ្ជសាស្ត្រ ពាណិជ្ជកម្មអេឡិចត្រូនិច សិក្ខាកាម បានវិភាគលើប្រព័ន្ធសេដ្ឋកិច្ច និងដំណោះស្រាយរបស់ក្រុមហ៊ុន Alibaba រួមមាន Taobao Marketplace, Tmall, Alibaba.com, Cainiao Network, Hema និង Fliggy ក៏ដូចជានិន្នាការ និងការអភិវឌ្ឍថ្មីៗរបស់ឧស្សាហកម្មមួយនេះដូចជា ការលក់រាយ (New Retail) វិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅជនបទ និងការលេចឡើងថ្មីៗនូវសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម។
តាមរយៈវគ្គសិក្សាដែលមានការចូលរួមយ៉ាងសកម្មភាព និងផុសផុលនេះ សិក្ខាកាមបានទទួលចំណេះដឹងទាក់ទងនឹងការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ដែលបង្កើតឡើងដោយក្រុមហ៊ុន Alibaba Group ដើម្បីជួយគាំទ្រពង្រឹង និងពង្រីកសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសចិន និងពិនិត្យមើលពីរបៀបដែលពួកគេអាចយកមេរៀន និងបទពិសោធន៍ទាំងអស់នោះមកអនុវត្តនៅក្នុងទីផ្សារក្នុងប្រទេសកំណើតរបស់ពួកគេ។
លោក Brian Wong អនុប្រធានក្រុមហ៊ុន Alibaba Group ដែលដឹកនាំកម្មវិធីគំនិតផ្តួចផ្តើមជាសកលមួយនេះ បានលើកឡើងថា «យើងចង់លើកកម្ពស់ និងផ្តល់សិទ្ធិអំណាច ដល់សហគ្រិនឆ្នើមទាំងនេះ ឲ្យទទួលបាននូវទស្សនៈទានថ្មីៗ និងផ្តល់នូវគន្លឹះសម្រាប់ទទួលបានភាពជោគជ័យ តាមរយៈការផ្តល់នូវការអនុវត្តដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តីប្រកប ដោយទេពកោសល្យដ៏ល្អបំផុត និងកិច្ចខិតខំប្រឹងប្រែងរបស់យើងជាមួយ Alibaba និងបណ្តាញដៃគូជាច្រើនទៀតរបស់យើង»។
លោកបន្តថា «វាជាការជំរុញទឹកចិត្ត ដើម្បីឲ្យពួកគេមើលឃើញពីចំណង់ចំណូលចិត្ត នៅក្នុងការខិតខំប្រឹងប្រែងការរៀនសូត្ររបស់ពួកគេ។ ការពិភាក្សាយ៉ាងម៉ត់ចត់របស់ពួកគេអំពីបញ្ហា និងសំណួរផ្សេងៗ ដើម្បីស្វែងយល់ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសចិន បានជួយពួកគេឲ្យរកឃើញគំនិតល្អៗ និងវិធីសាស្រ្តថ្មីៗ ជាគំរូសម្រាប់ការចូលរួម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់អាជីវកម្មផ្ទាល់ខ្លួន របស់ពួកគេ និងដើម្បីផលបម្រើផលប្រយោជន៍សហគមន៍របស់ពួកគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន»។
ទិដ្ឋភាពដ៏ល្អឥតខ្ចោះ តែមួយគត់នៃកម្មវិធីនេះ គឺសិក្ខាកាមបានជួបក្រុមប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba និងភាគីពាក់ព័ន្ធដែលទទួលបានភាពជោគជ័យខាងពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា PayTM អ្នកផ្តល់សេវាកម្ម eWallet ឈានមុខគេរបស់ឥណ្ឌា និង Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លើសពីនេះទៅទៀត សិក្ខាកាមទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងជាច្រើនរបស់ក្រុមហ៊ុន Alibaba ដូចជា Hema Fresh ដើម្បីទទួលបានបទពិសោធន៍នៃ "ការលក់រាយថ្មី" (New retail)។ ពួកគេក៏មានឱកាសយល់ដឹងអំពីឃ្លាំងដឹកជញ្ជូនដ៏ឆ្លាតវៃផងដែរ ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឃ្លាំងដឹកជញ្ជូនទំនិញ CainiaoJiaxing និងបានកោតសរសើរពីសក្តានុពលដ៏ធំធេងនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចនៅភូមិ Bainiu ដែលត្រូវបានគេស្គាល់ថាជាភូមិ Taobao របស់ប្រទេសចិនបន្ទាប់ពីគេហទំព័រលក់ឥវ៉ាន់អនឡាញ ដោយសារតែការធ្វើសមាហរណកម្មវិស័យពាណិជ្ជកម្មអេឡិចត្រូនិចជាមួយគ្រប់ទីកន្លែងត្រូវបានធ្វើឡើងនៅទីនោះ។
សហគ្រិនក៏ទទួលបានបទពិសោធន៍ទាក់ទងនឹងសក្តានុពលនៃការផ្លាស់ប្តូរបច្ចេកវិជ្ជាទៅលើសង្គមចិនដែរដោយពួកគេបានទៅមើលតំបន់ Dream Town ក្នុងខេត្ត Zhejiang ដែលជាតំបន់ Silicon Valley របស់ចិន និងទីក្រុង Yiwu ដែលជាទីតាំងសំខាន់សម្រាប់ផលិតផលលក់ដុំ ក្នុងប្រទេស និងពិភពលោក និងជាទីផ្សារ B2B ដ៏ធំបំផុតរបស់ពិភពលោក។
នៅចុងបញ្ចប់នៃកម្មវិធីរយៈពេល ១១ថ្ងៃនេះ សិក្ខាកាម បានចែករំលែកអំពីវិធីសាស្ត្រ និងចំណេះដឹងដែលពួកគេទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងគម្រោងចែករំលែក ចំណេះដឹងថ្មីៗរបស់ពួកគេទាក់ទងនឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច វិស័យហិរញ្ញវត្ថុអេឡិចត្រូនិច និងការទូទាត់ ការដឹកជញ្ជូនឆ្លាតវៃ ទិន្នន័យធំៗ និងវិស័យទេសចរណ៍ ទៅកាន់សហគ្រិនដូចគ្នា និងសហគមន៍របស់ពួកគេ នៅពេលពួកគេត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ហើយបង្កើតគំនិតថ្មីៗដើម្បីឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។
សិក្ខាកាមមកពីប្រទេសកម្ពុជា លោក ជា ឡង់ដា ស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញ សម្រាប់អ្នកធ្វើដំណើរតាមរយៈ រថយន្តក្រុង ក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ បានលើកឡើងថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏
អស្ចារ្យនេះ ហើយមានឱកាសបានជួបអ្នកដែលមានទេពកោសល្យជាច្រើននាក់មកពីប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ យើងបានទទួលការបណ្តុះបណ្តាលពីនាយកប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុន Alibaba Group ពីអង្គភាពអាជីវកម្មផ្សេងៗគ្នា និងគម្រោងនានាអំពីប្រព័ន្ធសេដ្ឋកិច្ចដើម្បីលើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច។
លើសពីនេះទៅទៀត យើងបានផ្លាស់ប្តូរចំណេះដឹងជាច្រើន ជាមួយអ្នកចូលរួមចំនួន ៣៧ នាក់ ហើយបានរៀនសូត្រពីគ្នាទៅវិញទៅមក យ៉ាងច្រើនទាក់ទងនឹងអាជីវកម្មរបស់យើង ក៏ដូចជាវិធីសាស្ត្រដែល យើងអាចចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាកម្មវិធីដ៏ល្អបំផុតមួយដែលខ្ញុំមិនធ្លាប់បានចូលរួមពីមុនមកនោះទេ។
ដូចសិក្ខាកាមដទៃទៀតដែរ ខ្ញុំគិតថា កម្មវិធីនេះគួរតែត្រូវបានពង្រីកដល់អ្នកចូលរួមវ័យក្មេងឲ្យបានកាន់តែច្រើនច្រើនបន្ថែមទៀតនាពេលអនាគត ដើម្បីឲ្យពួកគេមានឱកាសទទួលបានផលប្រយោជន៍ពីវាដូចពួកយើងដែរ។
«នេះគឺជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលខ្ញុំបានរៀនពីអ្នកដឹកនាំអង្គភាពអាជីវកម្មសំខាន់ៗនៅក្នុងក្រុមហ៊ុន Alibaba ដោយផ្ទាល់ និងប្រព័ន្ធសេដ្ឋកិច្ចរបស់ ក្រុមហ៊ុនមួយនេះ។ បញ្ហាសំខាន់នាពេលបច្ចុប្បន្ននេះ គឺថាយើងត្រូវខិតខំយកចំណេះដឹង និងគំនិតច្នៃប្រឌិតថ្មីៗទាំងអស់នេះ ទៅធ្វើយ៉ាងណាឲ្យមានលក្ខណៈក្នុងស្រុក សាមញ្ញ និងងាយៗសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជា»។
នេះជាការបញ្ជាក់ របស់សិក្ខាកាមមួយរូបទៀត មកពីប្រទេសកម្ពុជា គឺលោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយ ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។
ការបញ្ចប់វគ្គសិក្សារបស់បេក្ខជនអាស៊ីចំនួន ៣៧ នាក់ ដែលមកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ថៃ និង វៀតណាមនេះ មានន័យថា ពួកគេត្រូវបានក្លាយជាសមាជិកនៃបណ្តាញគំនិតផ្តួចផ្តើម eFounders សកល ជាផ្លូវការ ជាមួយនឹងសិក្ខាកាមអាហ្វ្រិកចំនួន ២៤នាក់ ផ្សេងទៀតដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០១៧។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ UNCTAD និង Alibaba ដើម្បីធានាបានថា សមាជិកទាំងអស់អនុវត្ដយ៉ាងសកម្មនូវអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសហគមន៍របស់ពួកគេនោះ ស្ថាប័នទាំងពីរនឹងបន្តការតាមដានត្រួតពិនិត្យជាមួយសមាជិកដោយមានការគាំទ្រពីភាគីពាក់ព័ន្ធក្នុងរយៈពេលបីខែម្តង និងគាំទ្រដល់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានបង្កើតឡើងដើម្បីកំណើនប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោក៕