(ស្ទឹងត្រែង)៖ លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំចំការលើ ស្រុកថាឡារិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមកិច្ចសហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ជាមួយយោធាខេត្តខាញ់ហ័រ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពី លោកវរសេនីយ៍ឯក ឡេ វ៉ាន់ជិញ ប្រធាននយោបាយយោធាខេត្តខាញ់ហ័រ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការរងយោធភូមិភាគទី១ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួន៦០០នាក់។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងគណៈអធិបតីបានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម, ឃីត១ និងក្រម៉ាខ្មែរចំនួន១ ផងដែរ៕