(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យប្រទេសម៉ារ៉ុក ជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត ព្រោះវាជាវិស័យប្រកបដោយសក្តានុ ក៏ដូចជាពិនិត្យលទ្ធភាពបង្កើត ទីក្រុងសម្ព័ន្ធមេត្រី (Sister City) រវាងទីក្រុងរ៉ាបាត់ កាសាប្លង់កា និងទីក្រុងសៀមរាប ដែលដើរតួនាទីដ៏សំខាន់លើវិស័យទេសចរណ៍។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បន្ទាប់ពីបញ្ចប់កិច្ចជំនួបសម្តែងការគួរសម និងភាក្សាការងារជាមួយលោកស្រី Mounia Boucetta អនុរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រម៉ារ៉ុក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល គណៈកម្មាធិការទន្លេមេគង្គលើកទី៣ នៅទីក្រុងសៀមរាប។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះលទ្ធផល នៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេរភាគី រវាងកម្ពុជា និងម៉ារ៉ុក លើកទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសម៉ារ៉ុក ដែលភាគីកម្ពុជា ដឹកនាំដោយើលោក អ៊ុច បូររឹទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារចំនួនរួមមាន៖
ទី១៖ គឺការលើកលែងទិដ្ឋការ ចំពោះអ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត
ទី២៖ ចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតរបស់ម៉ារ៉ុក និងវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ដោយឡែកចំពោះវិស័យវិនិយោគដែលមានកម្រិតទាប លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ច (Business Forum) រវាងប្រទេសទាំងពីរ ដើម្បីជាឱកាសសម្រាប់វិស័យឯកជនជួបជុំគ្នាចាប់ដៃគូវិនិយោគ។ លោកក៏បានស្នើផងដែរ គួរបង្កើតឱ្យមានក្រុមមិត្តភាពសភា រវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប លោកស្រី Mounia Boucetta បានលើកឡើងថា ព្រះរាជាណាចក្រម៉ារ៉ុក មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការទ្វេរភាគីជាមួយកម្ពុជា លើវិស័យជាច្រើន។ លោកស្រីក៏បានគាំទ្រចំពោះយន្តការ នៃកិច្ចពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកស្រី Mounia Boucetta បានថ្លែងថា តាងនាមឱ្យម៉ារ៉ុក សុំអរគុណកម្ពុជា ចំពោះការគាំទ្របេក្ខភាពម៉ារ៉ុក នៅលើឆាកអន្តរជាតិ។ ទទឹមនឹងនេះ លោកស្រីក៏បានស្នើសុំកម្ពុជា ជួយគាំទ្របេក្ខភាព ម៉ារ៉ុកក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០២៦៕