(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចមួយក្រុម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចុះអនុវត្តសាលដីកាដោយបង្ខំ ដែលបង្គាប់ឱ្យកាសែតភ្នំពេញប៉ុស្តិ៍ សងប្រាក់២៦ម៉ឺនដុល្លារអាមេរិកឲ្យទៅ លោក Chris Dawe អតីតអគ្គនាយកនៃកាសែតនេះ ក្នុងករណីវិវាទការងារកន្លងទៅ ប៉ុន្តែបន្ទាប់ពីចរចាតុលាការបានយល់ព្រមតាមការស្នើសុំទុកពេលឱ្យកាសែតភ្នំពេញចំនួន២០ថ្ងៃ ដើម្បីរកប្រាក់ទូទាត់សង លោក Chris Dawe។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
លោក លី សុផាណា បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «មន្រ្តីទទួលបន្ទុកអាជ្ញាសាលា អនុវត្តដោយបង្ខំ តាមនីតិវិធីរដ្ឋប្បវេណី ទៅលើសាលដីកាលេខ១២ក្រIIIឃ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍»។ លោកបានបន្តថា សាលដីកានេះ គឺជាករណីវិវាទផ្ទៃក្នុងរបស់កាសែតភ្នំពេញប៉ុស្តិ៍ប៉ុណ្ណោះ។
ការអនុវត្តសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បន្តសម្រេចឲ្យលោក Chris Dawe ឈ្នះក្ដីក្នុងសំណុំរឿងវិវាទការងារក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ លោក Chris Dawe ធ្លាប់បម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ នៅខែមីនាឆ្នាំ២០១២ ក្នុងមុខតំណែងជាអគ្គនាយកនៃកាសែតនេះ ប៉ុន្តែលោកត្រូវបានបណ្តេញចេញ នៅក្នុងឆ្នាំ២០១៥។ តាមរយៈសាលដីកានេះ គឺកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវទូទាត់សំណងជាទឹកប្រាក់២៦ម៉ឺនដុល្លារ ទៅឲ្យលោក Chris Dawe។
សូមបញ្ជាក់ថា នាថ្មីៗនេះ កាសែតភ្នំពេញប៉ុស្តិ៍ ក៏ត្រូវបានធ្លាយដំណឹងថា ប្រឈមនឹងការជំពាក់ពន្ធរដ្ឋរាប់លានដុល្លារអាមេរិកផងដែរ។ ប៉ុន្តែតាមរយៈសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ អគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានចេញមុខអះអាងថា កាសែតភ្នំពេញប៉ុស្តិ៍ មិនបានប្រឈមនឹងការបិទ នៅកម្ពុជា ដោយសារបញ្ហាជំពាក់ពន្ធដារ ដូចបណ្តាញសារព័ត៌មានបរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនោះទេ៕