(កំពង់ឆ្នាំង)៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយជូនបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងទ័ពទាំងអស់ ពង្រឹងសាមគ្គីភាព និងការពារដាច់ខាត មិនឲ្យជនឬក្រុមណាមួយ ធ្វើការបំផ្លាញសន្តិភាពបច្ចុប្បន្នរបស់កម្ពុជាបានឡើយ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគុណតម្លៃ «សន្តិភាព» ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការផ្តល់ឱកាសជូនប្រជាជនគ្រប់រូបអាចចូលរួមស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការលើកស្ទួយនីតិរដ្ឋ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរបស់ប្រជាជនគ្រប់រូប។
«ពិតណាស់! យើងមានវប្បធម៌នៃការអត់អោន និងវប្បធម៌នៃសន្ដិភាព ប៉ុន្តែយើងមិនត្រូវលើកលែងចំពោះជនណាក៏ដោយ ដែលប៉ុនប៉ងធ្វើឲ្យប្រទេសជាតិ របស់យើងធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភ្លើងសង្គ្រាម ដូចអតីតកាលដ៏ជូរជត់ សាជាថ្មីទៀតឡើយ! ហើយនេះ គឺជាកាតព្វកិច្ច និងតួនាទីស្នូលរបស់បងប្អូនកងទ័ព ជាតិនៃយើង» នេះជាអ្វីដែលលោក ប៉ាន សូរស័ក្ដិបានគូសបញ្ជាក់។
បើតាមលោករដ្ឋមន្ដ្រី ឈរលើមូលដ្ឋានសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព បានធ្វើឲ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ កំណើនដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៦ ហើយកំពុងធ្វើដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បាននាំនូវការផ្តាំសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ នៅតាមសមរភូមិជួរមុខ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេបានឧបត្ថម្ភស្បៀងថវិកា និងសម្លៀកបំពាក់ តាមរយៈក្រុមការងារចម្រុះ កសាងសំណង់យុទ្ធសាស្ត្រតូចធំ និងបណ្តាញគមនាគមន៍ខ្វាត់ខ្វែង ផ្តល់ដីកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន សាងសង់ផ្ទះជូនយោធិនពិការ និងជាបណ្តើរៗកសាងភូមិ/ឃុំ នៅតាមបន្ទាត់ព្រំដែន ឲ្យកាន់តែរីកចម្រើនរៀងរាល់ថ្ងៃ។
សូមជម្រាបថា អំណោយដែលប្រតិភូក្រសួងពាណិជ្ជកម្ម ប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ នាពេលនោះ រួមមាន៖ ចាក់សាបផ្លូវចូលទីបញ្ជាការប្រវែង ៨០ម៉ែត្រ, ផ្តល់ស័ង្កសីចំនួន ៣៧៥សន្លឹក, ស៊ីម៉ងត៍ចំនួន ២០តោន, ព្រំស័ង្កសី ប្រវែង ៤៣ម៉ែត្រ, បន្ទះសូឡា ២ផ្ទាំង, វិទ្យុទាក់ទង Camfone P6000 ១០គ្រឿង, អង្រឹងប៉ារ៉ាមានមុងចង ២០ឈុត ស្បៀងក្រៀម ស្រាបៀរ ១០០កេស ទឹកក្រូច ២០កេស កូនឈើគ្រញូង និងបេង ៥៣០ដើម និងឧបត្ថម្ភថវិកាជូនកងទ័ពចំនួន ៣៧២នាក់ (ក្នុងម្នាក់ ៤ម៉ឺនរៀល) និងជូនអង្គភាពចំនួន ២លានរៀល៕