(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត រួមទាំងអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង ថ្នាក់ដឹកនាំការិយាល័យ អង្គភាពជុំវិញក្រុង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ព នៅទីបញ្ជាការកងអនុសេនាធំទី១ទួលប្រាសាទ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិទំនប់ ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ប្រពៃណីជាតិខ្មែរយើងខាងមុខ។
លោក ឡេង ហុងលាង មេបញ្ជាការកងអនុសេនាធំទី១ទួលប្រាសាទក្រុងប៉ោយប៉ែត បានថ្លែងថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់ភូមិសាស្ត្រ តាមបណ្ដោយខ្សែព្រំដែន និងស្ថានភាពជីវភាពរស់នៅរបស់កងទ័ព។ ក្រោយពេលដែលសភាពការណ៍ នៅតាមបណ្ដោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព និងបានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និងពលទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការលើកកម្ពស់ដល់វិស័យកងទ័ព ព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាព ក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជនផងដែរ។
លោក សាន ស៊ានហូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីសុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង។
លោកក៏បានធ្វើការក្រើនរំឭកដល់នាយទាហាន ពលទាហានទាំងអស់ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្ត្ររបស់កងទ័ព ព្រមទាំងបានលើកឡើងពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស និងបានគូសបញ្ជាក់ថា កងទ័ពគឺជាកងកម្លាំងការពារបូរណភាពទឹកដី ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ទោះបីស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង។
លោកអភិបាលក្រុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារកងទ័ពឲ្យបានល្អក្នុងការទ្រទ្រង់នៅពេលមាន សភាពការណ៍ណាមួយកើតឡើង។
លោកអភិបាលក្រុង បានចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូនកងកម្លាំងយោធា និងគ្រួសារកងកម្លាំងក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះរួមមាន៖ មីចំនួន៦០កេសតូច, ត្រីខ២កេសធំ, ទឹកក្រូចកូកាកូឡា១០យួរ, ទឹកផ្លែឈើ៤កេស, ទឹកត្រី៤យួរ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកសុទ្ធ២៦០យួរ និង១៤កេស, ទស្សនាវដ្តី៥០ក្បាល ថវិកាចំនួន ៥,០៨០,០០០ រៀល និងបានផ្តល់ថវិកាដល់កូនប្រុសស្រីតូចរបស់កងកម្លាំងយោធា ម្នាក់ៗ ៥,០០០រៀល៕