(បន្ទាយមានជ័យ)៖ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រតិភូ ចុះសួរសុខទុក្ខនាយទាហាន-នាទាហានរង ពលទាហាន-ពលទាហានរង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពដែនដី នៅសមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃព្រហស្បត៍ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការវរសេនាតូចលេខ១ ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្នុងឱកាសនោះ លោកសួន បវរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ នាយទាហាន-នាទាហានរង ពលទាហាន-ពលទាហានរង និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបំពេញការងារ ការពារ សុន្តិសុខ សុវត្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ លោកក៏បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរយកចិត្តទុកដាក់ ចុះសាកសួសុខទុក្ខនាយ-ពលទាហាន តាមបណ្តាកងពល យោធភូមិភាគ ក៏ដូចជាតាមបណ្តាអង្គភាព ដទៃទៀតផងដែរ។
លោក សួន បវរ បានជំរុញដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចស្នូល ខិតខំហ្វឹកហាត់កសាងសមត្ថភាព ចេះជួយដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន ពិសេសត្រូវមានការថែរក្សាសុខភាព ជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងអពើអបាយមុខនានា ដែលបង្កបញ្ហាដល់ខ្លួនឯង និងសង្គមជាតិ។
សូមជម្រាបជូនថា គ្រឿងឧបភោគ និងអំណោយ ដែលលោកសួន បវរ និងប្រតិភូសម្ព័ន្ធមេត្រីភាព បាននាំយកមកឧបត្ថម្ភរួមមាន មី ទឹកស៊ីអ៊ីវ ទឹកត្រីយូ ទឹកបរិសុទ្ធ ទឹកក្រូច នំធុង ភេសជៈ ត្រីខ សាចក្រក និងថវិកា៧លាន ៥សែនរៀលផងដែរ៕