(តាកែវ-កំពត)៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខកងនគរបាលជាតិ តាមបណ្ដាវរៈការពារព្រំដែនជើងទឹក និងជើងគោកនៅទូទាំងប្រទេសកម្ពុជា ដើម្បីចុះសាកសួរសុខទុក្ខ ព្រមទាំងចែកអំណោយនិងថវិកា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារទី៤ នៃក្រសួងមហាផ្ទៃដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានចុះសួរសុខទុក្ខកងនគរបាលជាតិ វរៈការពារព្រំដែនជើងគោកលេខ៦០៣ ប្រចាំទិសខេត្តតាកែវ និងវរៈការពារព្រំដែនជើងគោកលេខ៦០១ប្រចាំទិសខេត្តកំពត ដោយនាំយកស្បៀងអាហារ និងថវិកា ដើម្បីចែកជូនដល់កងនគរបាលវរៈការពារព្រំដែន ដែលកំពុងឈរជើងនៅតាមភូមិសាស្ត្រខេត្តជាប់ព្រំប្រទល់ដែន។

ការចុះសួរសុខទុក្ខនគរបាលវរៈការពារព្រំដែននេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីតំណាងអភិបាលខេត្តតាកែវ រួមទាំងមន្ត្រីជុំវិញសាលាខេត្តទាំងពីរនេះផង។

ក្នុងឱកាសនេះ លោកស្រី ជូ ប៊ុនអេង បានផ្ដាំផ្ញើការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ហើយបានថ្លែងនូវការកោតសរសើ ចំពោះវីរៈភាពនៃកងនគរបាលជាតិ ក្នុងការបំពេញតួនាទីភារកិច្ចរួមចំណែកការពារបូរណភាពជាតិ និងពង្រឹងបាននូវសុខសន្តិភាពជូនជាតិនិងប្រជាជនគួរឲ្យកោតសសើរនិងមានមោទនភាពបំផុត។

ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានទទួលយកនូវសំណើរនិងសំណូមពរ ដើម្បីធ្វើឲ្យតួនាទី ភារកិច្ច និងជីវភាពនៃកងនគរបាលជាតិដែលកំពុងបំពេញការងារ នៅតាមព្រំដែនឲ្យបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងទទួលបានជោគជ័យជូនជាតិនិងប្រជាជនបន្តទៀត។

ជាមួយនឹងការចែកនូវអំណោយ លោកជំទាវប្រធានគណៈប្រតិភូបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដល់វរៈនគរបាលការពារព្រំដែនទាំងអស់នូវសេរីសួស្តី សុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀត។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ លោកជំទាវរដ្ឋលេខាធិការនឹងដឹកនាំប្រតិភូក្រុមទី៤ ចុះសួរសុខទុក្ខនគរបាលវរៈការពារព្រំដែនលេខ២៤១ និងលេខ៤៣០ ប្រចាំទិសខេត្តកែប៕