(បន្ទាយមានជ័យ)៖ ករណីស្រ្តីម្នាក់ដែលស្លាប់ក្នុងផ្ទះខ្ទម នៅក្រុងប៉ោយប៉ែត មិនមែនជារឿងអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធនោះឡើយ ព្រោះសម្ថកិច្ចរកមិនឃើញភស្តុតាង ហើយករណីនេះនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានអះអាងថាស្រ្តីនោះស្លាប់ដោយជំងឺប្រចាំកាយ ផឹកស្រាស្រវឹងដេកស្លាប់តែម្តង។

ការចុះផ្សាយព័ត៌មានជំហ៊ានដំបូងនិយាយថា ករណីនោះជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ ជាព័ត៌មានយល់ច្រឡំ ដោយដកស្រង់ប្រភពពីសមត្ថកិច្ចនិយាយគ្មានមូលដ្ឋានច្បាស់លាស់ មិនទាន់មានការត្រួតពិនិត្យ ធ្វើកោសល្យវិច័្ចយសពត្រឹមត្រូវនោះទេ បែរជាសន្និដ្ឋានថា ជាករណីឃាតកម្មទៅវិញ។

បុរសជាប្តីកំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយសមត្ថកិច្ចកំពុងសុំគោលការណ៍ ពីលោកព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ត ដើម្បីដោះលែងត្រឡប់ទៅផ្ទះវិញ។

លោកវរសេនីយ៍ទោ សួន សុត្ថារ័ត្ន នាយកការិយាល័យនគរបាលបច្ចេកទេស បានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះខ្ទមមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីស្រ្តី ម្នាក់ស្លាប់ ហើយគេឃើញប្តីដេកយំឱបសពធុំក្លិនស្អុយរលួយទៅហើយ។ លោកបានឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះហើយ ស្រាប់តែលេចឮ តាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនចុះផ្សាយថា ករណីនោះជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ។

បន្ទាប់មកនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានចាត់ឱ្យកម្លាំងនគរបាលការិយាល័យជំនាញផ្នែកបច្ចេកទេស ចុះទៅត្រួតពិនិត្យ និងមានការចូលរួមពីគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យសពជាក់ស្តែង រកឃើញថា សពស្រ្តីរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ សពមានស្នាមជាំខ្មៅរោលពេញខ្លួន ដោយសារអាកាសធាតុក្តៅ ឈាមខ្ពុលចេញតាមមាត់សពស្រ្តីរូបនោះ អាចមានជំងឺក្រពះធ្ងន់ធ្ងរ។ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត សាកសួរពីប្រជាពលរដ្ឋអ្នកជិតខាង៨នាក់ និងប្តីស្រ្តីនោះផងដែរ ឱ្យដឹងថា រវាងប្តីប្រពន្ធ២នាក់ស្រលាញ់គ្នា និងមិនដែលឈ្លោះប្រកែកគ្នាឡើយ ហើយប្តីតែងតែទិញស្រាឱ្យប្រពន្ធផឹក។

នាយការិយាល័យនគរបាលបច្ចេកទេសរូបនេះ បានបន្តថា ប្រពន្ធ (អ្នកស្លាប់) មានឈ្មោះ ខាន វណ្ណា អាយុ២៨ឆ្នាំ ជាមនុស្សស្រវឹងខួប ផឹកស្រាស្រវឹងជាប្រចាំ ជាស្រ្តីមានជំងឺប្រចាំកាយ ធ្លាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យជាញឹកញាប់ គ្រូពេទ្យធ្លាប់ហាមឈប់ផឹកផងដែរ ជាមួយគ្នានេះ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញស្រាថ្នាំចំនួន១ដបទឹកសុទ្ធនោះផងទៀត។

លោកបញ្ជាក់ឱ្យដឹងទៀតថា ប្តី (ជនសង្ស័យ) មានឈ្មោះ លី ហម អាយុ៣១ឆ្នាំ ប្រកបមុខរបរ ស៊ីឈ្នួល ហៅម៉ូយដាក់រថយន្តតាក់ស៊ី។ បើតាមចម្លើយ ពីលោកលី ហម ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុរូបគេ និងប្រពន្ធ បានផឹកស្រាស្រវឹង ដោយឃើញប្រពន្ធស្រវឹងខ្លាំង រូបគេក៏បានត្រកងប្រពន្ធដាក់ដេកក្នុងផ្ទះ ហើយខ្លួនគេក៏ដេកជាមួយប្រពន្ធនោះផងដែរ លុះបន្ទាប់មកភ្ញាក់ឡើងស្រាប់តែឃើញប្រពន្ធដេកស្លាប់ពីពេលណានោះទេ៕