(ភ្នំពេញ)៖ ស្រ្តីម្នាក់បានជិះម៉ូតូ១គ្រឿង ឌុបក្មួយស្រីពីក្រោយ ហើយបានបើកឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យផ្លាតដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះ ត្រូវរថយន្តកុងតឺន័រ ទៅដល់កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នាវេលាម៉ោង០២៖៥៣នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រងគ្រោះឈ្មោះសឿន សុជាតិ ហៅ ញ៉ាញ់ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិទួលសុភី ឃុំវាលស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ បានជិះម៉ូត១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU-1971។ ដឹកក្មួយស្រីម្នាក់ ពីក្រោយធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង។

ប្រភពដដែលបន្ដថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានកិនចិញ្ចើមផ្លូវបណ្ដាល ឲ្យផ្លាតដួល ហើយស្របពេលនោះ មានរថយន្តដេកកុងតឺន័រ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2417 ទៅដល់កិនបែកក្បាលស្លាប់តែម្ដង។ ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែង និងចាត់ការតាមច្បាប់៕