(កណ្តាល)៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ មានរៀបចំប្រារព្វ «កម្មវិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាជ័យលាភី ក្នុងការប្រកួតបាល់ទះបាល់ទាត់ លើកទី៣ដណ្តើមពាន់រង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន» ក្រោមអធិបតីភាព របស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម តំណាងបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពី លោក កៅ ថាច អនុប្រធានគណៈពង្រឹងស្រុក ទទួលបន្ទុកចលនាយុវជនគណបក្សប្រជាជនស្រុកល្វាឯម លោក លោកស្រី ប្រធាន-អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក និងឃុំទាំងអស់ក្នុងស្រុកល្វាឯម និងគណៈពង្រឹងមូលដ្ឋានទទួលបន្ទុកចលនាយុវជន គណបក្សប្រជាជនស្រុក អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិកាគណបក្សស្រុកល្វាឯម កីឡាករកីឡាការិនីទាំងអស់ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
កម្មវិធីនៃការប្រកួតកីឡានេះមានវិញ្ញាសា កីឡាបាល់ទាត់ (មានកីឡាករសរុបចំនួន ២៨០នាក់ មាន ១៤ក្រុម) និង កីឡាបាល់ទះ (មានកីឡាករចំនួន១២០នាក់ មាន ១០ក្រុម)។ កីឡាករទាំងអស់បានប្រកួតយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីប្រកួតកីឡានេះ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ និងជាលទ្ធផលបច្ចេកទេស គឺបានរកឃើញក្រុមកីឡាករជ័យលាភីនាថ្ងៃនេះ។
បន្ទាប់ពីស្តាប់របាយការណ៍លទ្ធផល នៃការប្រកួតរបស់ លោក កៅ ថាច រួចមក លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអបអរសាទរ ដក់ក្រុមកីឡាករជ័យលាភី និងបានថ្លែងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះក្រុមគណៈកម្មការបច្ចេកទេស និងក្រុមកីឡាករដែលទទួលបាន និងមិនទទួលបានជ័យលាភី ដែលឆ្លងកាត់ការហ្វឹកហាត់ និងប្រកួតក្នុងស្មារតីភាតរភាព។
លោក គង់ វិបុល បានផ្តាំផ្ញើដល់ប្អូនៗជាកីឡាករទាំងអស់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បី ១៖ លើកស្ទួយវិស័យកីឡាឱ្យមានការរីកចម្រើន ២៖ លើកទឹកចិត្តយុវជនឱ្យស្រលាញ់កីឡា ៣៖ អប់រំយុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងជួយបង្ការការពារភូមិឃុំ ឱ្យជៀសផុតពីគ្រឿងញៀន ក្នុងន័យជួយពង្រឹងភូមិឃុំមានសុវត្ថិភាព ៤៖ ជំរុញឱ្យមានការចូលរួមទាំងយុវជន និងយុវនារីក្នុងការអភិវឌ្ឍភូមិឃុំ ៥៖ បង្កើនសមត្ថភាពលើផ្នែកកីឡាបាល់ទាត់ និងបាល់ទះ ដើម្បីមានឱកាសចូលរួមត្រៀមហ្វឹកហាត់សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣ផងដែរ និងលើកទឹកចិត្តឱ្យបង្កើតបន្ថែមកីឡាវាយកូនឃ្លីលើតុ (ប៉េងបុង) សម្រាប់យុវជនក្នុងស្រុក
លោកបានថ្លែងទៀតថា ក្នុងនាមជាយុវជនសរសទ្រូង របស់ប្រទេសជាតិនាថ្ងៃអនាគត សូមឱ្យប្អូនៗយុវជនខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូ ដើម្បីអនាគតខ្លួនឯង រួមជាមួយការគិតគូរពីអនាគតយុវជន ពីសំណាក់រាជរដ្ឋាភិបាល ព្រោះយុវជនខ្លួនឯង គឺជាអ្នកជួយកំណត់អនាគត និងមិនត្រូវជឿលើការឃោសនាអកុសល ការឃោសនាខ្យល់ពីក្រុមជនអគតិមួយចំនួន។
ជាមួយគ្នានេះ លោក គង់ វិបុល បានជំរុញ និងស្នើដល់ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំ ក្រុមការងារចលនាយុវជនឃុំ ចំណុះឱ្យស្រុកល្វាឯម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តជួយឧបត្ថម្ភទាំង សម្ភារៈ ថវិកា និងផ្នែកបច្ចេកទេស សំដៅជំរុញឱ្យកីឡាករទាំងអស់ មានឱកាសទទួលបានការហ្វឹកហាត់ កាន់តែប្រសើរបន្ថែមទៀត ព្រមទាំងរៀបចំការប្រកួតបែបនេះឱ្យបានយ៉ាងហោច៦ខែម្តង សំដៅពង្រឹងសមត្ថភាព ដើម្បីឈានទៅចូលរួមការប្រកួតថ្នាក់ជាតិផងដែរ។
លោក គង់ វិបុល បានប្រគល់ពានរង្វាន់ និងប្រាក់ឧបត្ថម្ភ ជូនដល់ក្រុមជ័យលាភីដូចខាងក្រោម៖
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ១ ចំនួន ៧លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ១ ចំនួន ៧លានរៀល
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ២ ចំនួន ៤លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ២ ចំនួន ៤លានរៀល
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ៣ ចំនួន ២លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ៣ ចំនួន ២លានរៀល
ដោយឡែកសម្រាប់ក្រុមកីឡា មិនបានទទួលជ័យលាភីទាំង ១៨ក្រុម ទទួលបានមួយក្រុមនូវថវិកាចំនួន ៥០ម៉ឺនរៀល សរុប ៩,០០០,០០០រៀល។ លោក គង់ វិបុល បានផ្តល់ការឧបត្ថម្ភសម្ភារៈក្នុងនោះអាវកីឡា ចំនួន ១០០០អាវ និងថវិកាសម្រាប់ការរៀបចំ ដំណើរការប្រកួត ក៏ដូចជាគណៈកម្មាធិការប្រកួត អាជ្ញាកណ្តាល និងកងកម្លាំងផងដែរ៕