(កំពត)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខកម្លាំងនគរបាលការពារព្រំដែន នៃវរនគរបាលតូចលេខ៦០១ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងមូលដ្ឋានខេត្តកំពត។
នៅក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តកំពត លោក ជាវ តាយ, ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាននាំមកនូវផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការជូនពរសម្រាប់ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនចំពោះកងកម្លាំងទាំងអស់ ព្រមទាំងសម្តែងនូវការកោតសរសើរនូវវរភាព ដ៏អង់អាចក្លាហាននូវក្នុងបុព្វហេតុបូរណភាពទឹកដី អធិបតេយ្យភាពជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ខណៈដែលជនមួយចំនួនបែរជាបំផុសបំផុល ប្រឌិតព័ត៌មាន និងសន្យាកាត់ទឹកដីឲ្យបរទេសទៅវិញ។
លោកស្រី ជូ ប៊ុនអេង បន្តថាការផ្សាភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយមានសារសំខាន់ដូចគ្នា ហើយជានិច្ចជាកាលថ្នាក់ដឹកនាំជាតិ តែងតែយកចិត្តទុកដាក់ នៅក្នុងការរៀបចំផែនការរក្សាសណ្តាប់ធ្នាប់សាធារណៈ ផែនការការពារជាតិ និងការផ្គត់ផ្គង់កម្លាំងសមរភូមិមុខ។
ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវរនគរបាល៦០១ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃផងដែរ៕