(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យអាជ្ញាធរក្នុងមូលដ្ឋាន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យបានល្អ ដើម្បីទប់ស្គាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន កាត់បន្ថយឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន ដែលស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តកំពតចាស់។
ការអំពាវនាវស្នើនេះធ្វើឡើងក្នុងពិធី ផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិការដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អ ក្នុងការអនុវត្តន៍គោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព នៅសាលប្រជុំសាលាខេត្តកំពតចាស់។
ក្នុងនេះដែរលោកអភិបាលខេត្ត ក៏បានអំពាវនាវស្នើដល់ «អាជ្ញាធរភូមិ-ឃុំ សហការល្អជាមួយសមត្ថកិច្ច ក្នុងមូលដ្ឋានទាំងអស់ត្រូវរួមគ្នាបង្ការ និងទប់ស្គាត់ ឲ្យបានទាន់ពេលវេលា រាល់បទល្មើសនានា ពិសេសបញ្ហាចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អប្រសើរថែមទៀត»។
លោកអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមត្រូវបានពង្រឹងជាប្រចាំ ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្តកិច្ចជំនាញ អាជ្ញធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋសហការធ្វើប្រតិបត្តិការក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស ឲ្យបានទាន់ពេលវេលា ជាពិសេសការងារពាក់ព័ន្ធទៅ នឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានផ្សព្វផ្សាយយ៉ាងទូលាយក្នុងមូលដ្ឋាន និងពង្រឹកការអនុវត្តន៍ជាប្រចាំជាក់ស្តែងធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធភានិតិការទី៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ប្រព្រឹត្តទៅដោយជោគជ័យ និងបានត្រៀមលក្ខណៈពេញលេញ ក្នុងកិច្ចធ្វើដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៦ឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់ ៩៣ឃុំ-សង្កាត់ ក្នុងនោះជ័យលាភីលេខ១ មាន៦៤ឃុំ ទទួលបានប័ណ្ណសរសើរ និងទឹកប្រាក់១លានរៀល ជ័យលាភីលេខ២ មាន១៨ឃុំ សង្កាត់ទទួលបានលិខិតសរសើរ និងប្រាក់៦៥ម៉ឺនរៀល និងជ័យលាភីលេខ៣ មាន១១ឃុំ-សង្កាត់ទទួលបានលិខិតសរសើរ និងប្រាក់ចំនួន ៤៥ម៉ឺនរៀល សរុបថវិកាទាំងអស់មានចំនួន ៨០លាន៦៥ម៉ឺនរៀល ដែលផ្ដល់ដោយក្រសួងមហាផ្ទៃ ហើយលោកអភិបាលខេត្ត ក៏បានផ្ដល់នូវវិទ្យុទាក់ទងចំនួន ៤១៥គ្រឿង ក្នុងមួយឃុំ-សង្កាត់ទទួលបាន ៥គ្រឿងផងដែរ៕