អភិបាលខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល និងចែកអំណោយជូនកងប្រដាប់អាវុធទូទាំងខណ្ឌ ចំនួន៣៩៨នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
05-04-2018 14:56
(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងមូលដ្ឋានទូទាំងខណ្ឌពោធិ៍សែនជ័យ មានចំនួន ៣៩៨នាក់ នាឱកាសបុណ្យ ចូលឆ្នាំថ្មីខាងមុខនេះ។ ដែលកងកម្លាំងប្រដាប់រួមមាន ទាំងនគរបាល និងអាវុធហត្ថ ដែលបានខិតខំ បំរើការពារ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ពិធីនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំធំ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួម ពីសំណាក់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ អមដោយលោក-លោកស្រី ជាអភិបាលរង និងមេបញ្ជាការងអធិការរងផងដែរ។
លោក ហែម ដារិទ្ធិ បានថ្លែងថា «ក្នុងនាមយើងជាបងប្អូន ជាមន្ត្រីរាជការបំរើប្រជាពលរដ្ឋដូចគ្នា យើងត្រូវចេះស្រលាញ់គ្នា រួមគ្នាបំរើការងារ ជូនប្រជាពលរដ្ឋឲ្យបានល្អ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ឲ្យបានល្អ»។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានចែករំលែកទឹកចិត្ត ដល់កងកម្លាំងទាំងពីរប្រភេទ សរុប ៣៩៨នាក់ នៅក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងស្រាបៀចំនួន ១កេស។ អធិការរង មានចំនួន១១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល, ស្រាបៀរ១កេស និង កងកម្លាំងពន្លត់អគ្គិភ័យចំនួន ៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងស្រាបៀរចំនួន១កេស៕