(សៀមរាប)៖ បណ្តាមេដឹកនាំ នៃប្រទេសគណៈកម្មការទន្លេមេគង្គ ដែលរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានបង្ហាញការប្តេជ្ញារួមគ្នា នៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានទាំងឡាយរបស់ទន្លេមេគង្គ ឱ្យបានកាន់តែប្រសើរឡើង និងយូរអង្វែង ទាំងក្នុងបច្ចុប្បន្ន និង ទៅថ្ងៃអនាគត។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅខេត្តសៀមរាប។
ការបង្ហាញការប្តេជ្ញារួមនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ មានមេដឹកនាំប្រទេសតាមដងទន្លេមេគង្គក្រោម ចូលរួមដូចជា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គភាគខាងលើចិន និងមីយ៉ាន់ម៉ាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែតថា កិច្ចប្រជុំបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមនានា ក្នុងអាងទន្លេមេគង្គ និងបានប្តេជ្ញាចិត្តរួមគ្នាបន្តខិតខំធ្វើការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែប្រសើរទៀត សម្តៅសម្រេចឲ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្តថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅលើទឹកដីសៀមរាបអង្គរនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានពិនិត្យ និងវាយតម្លៃខ្ពស់នូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គ សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ក្នុងឆ្នាំ២០១៤ នៅប្រទេសវៀតណាម ដែលបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងភាគីសហប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀតក្នុងគោលដៅ និងបេសកកម្មរួមគ្នា សម្រាប់ធានាឲ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គ និងធនធានរួមនៃទន្លេមេគង្គ ដើម្បីជាប្រយោជន៍នៃភាពចម្រុងចម្រើនក្នុងអាងទន្លេមេគង្គ ដោយការពារបាននូវនិរន្តរភាពបរិស្ថាន៕