អបអរបុណ្យចូលឆ្នាំថ្មី! លោក ឃួង ស្រេង ចំណាយថវិកាជិត១២០លានរៀល ដើម្បីឧបត្ថម្ភដល់មន្ដ្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ
05-04-2018 14:11
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឧបត្តម្ភដល់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ជិត៣០០នាក់ ក្នុងម្នាក់ៗថវិកា៤០០,០០០រៀល និងស្រាបៀ២កេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីឲ្យមន្ដ្រីរាជការមានឱកាស សប្បាយរីករាយ ក្នុងពិធីបុណ្យប្រពៃណីនេះ ហើយក៏ជាការលើកទឹកចិត្ត ដែលបងប្អូនបានបំពេញការងារបានល្អអស់មួយឆ្នាំកន្លងមកនេះ។
ការផ្តល់ជាអំណោយសម្រាប់ចូលឆ្នាំថ្មីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរបស់រដ្ឋបាលរាជធានី នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា កិច្ចការងាររដ្ឋបាលរាជធានីភ្នំពេញមានច្រើន និងមមាញឹកណាស់ ដែលធ្វើឲ្យមន្ត្រីមួយចំនួនត្អូញត្អែរថា ការងារច្រើន តែមិនត្រូវត្អូញត្អែរនោះទេ ពោលមន្ដ្រីទាំងអស់ត្រូវរិះរកគន្លឹះ ដើម្បីធ្វើឲ្យបានសម្រេច និងជោគជ័យ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង បញ្ហារឿងគ្រូយកលុយសិស្ស ទោះបីជាយ៉ាងណាក្តីឃើញថា បានសាបរលាបហើយដែរ ដែលនេះដោយសារតែ ការខិតខំមន្ដ្រីទាំងអស់គ្នា ហើយការខំប្រឹង មិនមែនមានន័យថា ឥតប្រយោជន៍នោះទេ គឺយើងទទួលបានការកោតសរសើរពីប្រជាជន ធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្ត ក្នុងការធ្វើឲ្យភ្នំពេញកាន់តែល្អ និងកាន់តែមានការអភិវឌ្ឍន៍។
អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ត្រីទាំងអស់ ពេលប្រជាពលរដ្ឋទូរស័ព្ទមក ត្រូវប្រើប្រាស់សំដីឲ្យបានល្អ ទៅកាន់ពួកគាត់វិញ បើទោះបី ការពឹងពាក់នោះ មិនចំគោលដៅ ឬខុសនីតិវិធីក៏ដោយចុះ។ លោកថា «ពលរដ្ឋទូរស័ព្ទមក មានន័យថា គេជឿជាក់លើយើងហើយ ក្នុងការពឹងពាក់យើងឲ្យជួយគាត់ តែបើយើងប្រើប្រាស់សំដីមិនល្អ គាត់ពិតជាអស់សង្ឃឹម ហើយក៏លែងជឿជាក់លើយើងទៀតដែរ» ដូច្នេះត្រូវតែប្រើប្រាស់សម្តីឲ្យបានល្អជាមួយប្រជាពលរដ្ឋ៕