(ព្រៃវែង)៖ ថ្លែងចេញពីខេត្តព្រៃវែង នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាឃុំ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុកពញាក្រែក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ និងស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន ៣០០០នាក់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូន អតីតយុទ្ធជន និងនិវត្តជន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ នាពេលនេះ គឺដើម្បីរំលឹកដល់វីរៈភាពតស៊ូរបស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេច អគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ដែលបានយកទីកន្លែងនេះ ជាមូលដ្ឋានតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ក្នុងនោះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងចលនាតស៊ូ ដែលមានវត្តមាននៅទីនេះ។
ពិធីសំណេះសំណាលនេះ ក៏ជាសក្ខីភាព ក្នុងការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យសុខុមាលភាពអតីតរាជការស៊ីវិល និងអតីតយុទ្ធជន។
នៅក្នុងពិធីជួបសំណេះសំណាលនោះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ជាច្រើនទៀតផងដែរ។
លោក វង សូត បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននិងកំពុងតែអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិយ៉ាងមុតមាំ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេស កុមារកំព្រា និងស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។
ជាក់ស្តែងថ្មីៗនេះ ក្រសួងសង្គមកិច្ច បាន និងកំពុងតែជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌ អនីតិជន រួមទាំងគោលនយោបាយ ចំពោះជនពិការក្រីក្រ តាមសហគមន៍ ក្នុងនោះ បងប្អូនពិការក្រីក្រចំនួន ៤,៧១២នាក់ បាននិងកំពុងទទួលរបបឧបត្ថម្ភពីរដ្ឋ និងការបង្កើតសហគមមនុស្សចាស់ ដែលរាជរដ្ឋាភិបាល បានដាក់ចេញឲ្យប្រើប្រាស់នូវឯកសារគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០២៣ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។
ក្រោពីកិច្ចការសំខាន់ៗខាងលើនេះ វិស័យអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ត្រូវបានជំរុញ និងលើកកម្ពស់តាមរយៈ គោលនយោបាយ របស់រាជរដ្ឋាភិបាលរួមមាន សម្បទាដីសង្គមកិច្ច ការផ្តល់ប្រាក់បេឡាមរណសង្រ្គោះ ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ ការសាងសង់ ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្រីក្រ ការបង្កើតគណៈកម្មការអភិវឌ្ឍសមាគមន៍អតីតយុទ្ធជន តាមមូលដ្ឋាន ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ និងការងារសំខាន់ៗជាច្រើនទៀត ដែលបានកំពុងអនុវត្ត។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច បានរៀបចំប្រព័ន្ធសន្តិសុខសង្គមជាជំហានៗ ស្របតាមកំណើតសេដ្ឋកិច្ច ដែលមានបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការ ស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន បាននិងកំពុងដើរតួនាទីគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធព័ត៌មានវិទ្យា និងធានាដល់ការផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនបងប្អូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជននៅទូទាំង២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូ តាមគោលការណ៍ អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
គិតមកដល់ពេលនេះ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន សរុបចំនួន ១០៨,៨៤០នាក់ និងអ្នកនៅក្នុងបន្ទុកចំនួនប្រមាណ១៧ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ១៦០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដោយបើកផ្តល់តាមប្រព័ន្ធ ធនាគារជាដៃគូ ទូទាំង២៥ រាជធានី-ខេត្ត។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏ដូចជាអាណាព្យាបាលបច្ចេកទេស បានសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយ សមស្រប ធ្វើយ៉ាងណា ឲ្យបើកប្រាក់របបសន្តិសុខសង្គម របស់បងប្អូន និវត្តជនស៊ីវិល និងអតីតយុទ្ធជន មានលក្ខណៈប្រហាក់ប្រហែលគ្នា និងអាចទទួលយកបាន៕