(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញពីខេត្តកោះកុងជាទឹកដីកំណើតរបស់ខ្លួន បានប្រកាសអំពាវនាវ សូមឲ្យកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស និងប្រជាពលរដ្ឋកុំជឿលើការញុះញង់លើពួកក្បត់ជាតិ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានស្ថាប័នតុលារកំពូលរំលាយចោលបាត់ទៅហើយនោះ។ អ្វីដែលសំខាន់ បងប្អូនត្រូវជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសមានសន្តិភាពរាល់ថ្ងៃនេះ ហើយបងប្អូនមានសេរីភាពរាល់ថ្ងៃ ក្នុងការធ្វើដំណើរទៅណាមកណា ដោយស្រេចតែចិត្ត។
ការថ្លែងអំពាវនាវពីប្រមុខការពារជាតិកម្ពុជាខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ភោធវិថី តាឆែម-យាយយឹប ដាក់ឲ្យប្រើបាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។
នៅកម្មវិធីនេះសម្តេចពិជ័យសេនា បានលើកបន្ថែមទៀតថា កម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ភាពរីកចម្រើនដល់ថ្ងៃនេះ ដោយសារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតស្របច្បាប់ កើតចេញពីសម្លេងប្រជាជនកម្ពុជាពិតប្រាកដ ជាពិសេស ភាពឆ្លាតវៃក្នុងការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលះបង់ទាំងកម្លាំងកាយចិត្ត្ត ទាំងពេលវេលា។
សម្តេច ទៀ បាញ់ បានបញ្ជាក់ថា «សម្តេចមានការឈឺចាប់យ៉ាងខ្លាំង ពេលរម្លឹកពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់ប៉ុលពត ដែលធ្វើឲ្យសម្តេចចងចាំមិនភ្លេចរហូតដល់សព្វថ្ងៃ ហើយមិនមែនមានតែសម្តេចទេ ដែលឈឺចាប់ មានថ្នាក់ដឹកនាំមួយចំនួនទៀត ដែលរងការឈឺចាប់ក្នុងរបបដ៏ព្រៃផ្សៃនោះ ជាពិសេសអ្នកធ្លាប់ឆ្លងកាត់ ក្នុងដែនដីខេត្តកោះកុងនេះ»។
សម្តេចពិជ័យសេនា បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ បានបន្តជានាយករដ្ឋមន្ត្រី កាន់អំណាចនៅអណត្តិទី៦បន្តទៀត ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។
សម្តេច ទៀ បាញ់ បានលើកឡើងទៀតថា ថ្ងៃនេះវិសេសវិសាលណាស់ ដោយសម្តេចបានចុះសួរសុខទុក្ខ និងផ្តល់នូវសំភារៈព្រមទាំងថវិកាមួយចំនួន ដល់កងកម្លាំងប្រដាប់វុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស លោកយាយ-លោកតា និងប្រជាពលរដ្ឋ ជាពិសេសបានបើកសម្ភោភដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង១ខ្សែ ប្រវែង៤៣០០ម៉ែត្រ នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរទៀតផង៕