(សៀមរាប)៖ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដែលធ្វើឡើងនៅលើទឹកដីសៀមរាបអង្គរដ៏ល្បាញល្បីរបស់កម្ពុជា ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាខ្ពស់ ដោយមេដឹកនាំនៃប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គទាំង៤ ដាក់ចេញផែនការស្នូលចំនួន៧ ដើម្បីសម្រេចគោលដៅរួមរបស់ខ្លួន គឺការអភិវឌ្ឍដោយចីរភាពក្នុងអាងទន្លេមេគង្គ។

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានបើកធ្វើឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ។ ការចាប់ផ្តើមកិច្ចប្រជុំធ្វើឡើងដោយមេដឹកនាំនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គរួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានបើកកិច្ចប្រជុំចង្អៀតមួយមុនឈានទៅដល់ការបើកកិច្ចប្រជុំទូលាយ។

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ក៏មិនខុសពីកិច្ចប្រជុំលើកទី១នៅប្រទេសថៃ និងលើកទី២ នៅវៀតណាមនោះដែរ គឺមេដឹកនាំនៃប្រទេសសមាជិកទាំង៤ ត្រូវបានឡើងថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញនូវជំហររបស់ខ្លួនពាក់ព័ន្ធលើការអភិវឌ្ឍតាមដងទន្លេមេគង្គ។ ដៃគូសន្ទនាតំណាងប្រទេសចិន និងមីយ៉ាន់ម៉ា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលជាអ្នកតំណាងឲ្យដៃគូអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គត្រូវបានអនុញ្ញាតឲ្យថ្លែងសុន្ទរថាគន្លឹះផងដែរ។

ក្នុងសុន្ទរកថាគន្លឹះរបស់មេដឹកនាំប្រទេសជាសមាជិក ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍សុទ្ធតែមើលឃើញថា ដងទន្លេមេគង្គជាប្រភពធនធានចម្រុះដ៏ច្រើនសម្បូរបែបបានរួមចំណែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏ជាប្រភពទាក់ទាញទេសចរណ៍ផងដែរ។ ក្នុងទស្សនៈរបស់មេដឹកនាំនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គលោក ង្វៀន ស៊ុនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានលើកបង្ហាញបញ្ហាដែលប្រទេសខ្លួនកំពុងប្រឈមច្រើនជាងគេ ក្នុងនោះមានការកាន់តែគោករាក់នៃទឹកទន្លេមេគង្គ និងការកើនឡើងនូវចំនួនទឹកប្រៃ គ្រោះរាំងស្ងួត ដែលជាការគំរាមកំហែងខ្លាំងដល់ការរស់នៅ និងការប្រកបរបបចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្លួន។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រធាននៃកិច្ចប្រជុំនេះបានថ្លែងថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគណៈកម្មការទន្លេមេគង្គ មានការវិវឌ្ឍរីកចម្រើនក្នុងសន្ទុះមួយប្រកបដោយថាមពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសដោយរក្សាបាននូវតុល្យភាពអេកូឡូស៊ីនៃអាងទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្លេមេគង្គ គឺជាប្រភពនៃជីវិតជានិរន្តន៍ និងភាពចម្រុងចម្រើននៃប្រទេសតាមដងទន្លេមេគង្គ។ តែទោះជាយ៉ាងណា អាងទន្លេដ៏មានសារៈសំខាន់មួយនេះ នឹងបន្តជួបប្រទះនូវបញ្ហាប្រឈមនានាដូចជា កំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើននៃតម្រូវការផ្នែកសន្តិសុខទឹក ស្បៀង និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេ។

សម្តេចបានបញ្ជាក់ថា «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏មានលក្ខណៈកាន់តែជាក់ច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ និន្នាការនេះ នឹងចោទជាការគំរាមកំហែងបន្ថែមទៀតមកលើប្រព័ន្ធទន្លេមេគង្គ ពិសេសលើធនធាន និងនិរន្តរភាពនៃទន្លេ ខណៈដែលកិច្ចការ និងគោលដៅរួម ត្រូវធានានូវចីរភាពនៃផលប្រយោជន៍ ដែលទន្លេមេគង្គបានផ្តល់ជូនសម្រាប់ប្រជាជននៃបណ្តាប្រទេសតាមដងទន្លេក្នុងរយៈពេលវែងតទៅមុខរាប់ច្រើនជំនាន់មនុស្សក្រោយៗទៀត»

ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងហានិភ័យពាក់ព័ន្ធផ្សេងទៀតឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើបណ្តាប្រទេសជាសមាជិកនៃគណៈកម្មទន្លេមេគង្គ គប្បីត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួនរួមមាន៖

១. បន្តជំរុញ និងពង្រឹងយន្តការសម្របសម្រួល និងអភិវឌ្ឍន៍ទឹក និងធនធានពាក់ព័ន្ធប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាសមាជិក និងសុខមាលភាពរបស់ប្រជាជន។
២. បន្តផ្តល់អាទិភាពដោះស្រាយបញ្ហាប្រឈមចម្បងៗដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃអាងទន្លេមេគង្គ រួមមានដូចជា ការគ្រប់បរិស្ថាន និងកាកសំណល់, ការដោះស្រាយផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីការប្រែប្រួលអាកាសធាតុ, ការប្រើប្រាស់ និងការបំពុលទឹកទន្លេ និងការគ្រប់គ្រងគម្រោងនានា ដែលពាក់ព័ន្ធដល់ចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ។
៣. បន្តរៀបចំវិធានការ និងសកម្មភាពជាក់លាក់ សម្រាប់ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងជំរុញសុខដុមនីយកម្មនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
៤. បន្តពង្រឹងសមត្ថភាពមនុស្ស និងសមត្ថភាពស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងប្រទេសជាសមាជិកក្នុងតំបន់ ជាពិសេសសម្រាប់ការអនុវត្តនុវផែនការ និងយុទ្ធសាស្រ្តដែលបានដាក់ចេញកន្លងមកឲ្យបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធ។
៥. បន្តលើកកម្ពស់ស្មារតីសហប្រតិបត្តិការមេគង្គក្នុងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាបន្តជំរុញបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយយន្តការក្នុងតំបន់ និងអន្តរជាតិនានា ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

បើទោះបីជាយ៉ាងណាមេដឹកនាំនៃប្រទេសទន្លេមេគង្គ បានវាយតម្លៃខ្ពស់ និងចាត់ទុកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងជាទីមោទនៈ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នៅលើទឹកដីសៀមរាបអង្គរនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកគណៈកម្មការអន្លេមេគង្គ បានពិភាក្សាគ្នាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះរួមមាន កំណើនសេដ្ឋកិច្ចយ៉ាងរហ័ស កំណើនប្រជាជន កំណើនតម្រូវការទឹក ស្បៀង និងថាមពល នគររូបនីយកម្ម ឧស្សាហូបនីយកម្ម ការបាត់បង់ទ្រព្យសម្បត្តិជាអាទិ៍ បរិស្ថានដីសើម ធនធានជលផល ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងហានិភ័យដល់ជីវចម្រុះ និងដល់ជីវភាពរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍលើវិស័យទឹក និងក្នុងគ្របវិស័យពាក់ព័ន្ធផ្សេងទៀតនាពេលកន្លងមក។ ទាំងអស់នេះ បង្ហាញពីភាពចាំបាច់ដែលត្រូវរួមគ្នាគិតគូរដោះស្រាយ ដោយឈរលើស្មារតីមេគង្គ និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បានកំណត់នូវសកម្មភាពជាអាទិភាព ដោយផ្តោតជាសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដោយក្នុងនោះមានការងារស្នូលចំពោះមុខដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំនួន៧រួមមាន៖

១. ការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ២០១៦-២០២០
២. ការបន្តពង្រឹងការអនុវត្តរាល់នីតិវិធីរបស់គណៈកម្មការទន្លេមេគង្គលើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកនៃអាងទន្លេមេគង្គឲ្យកាន់តែមានប្រសិទ្ធភាព
៣. ការបន្តពង្រឹងការធ្វើវិមជ្ឈការសម្រាប់សកម្មភាពត្រួតពិនិត្យតាមដានធនធានទន្លេមេគង្គដែលត្រូវអនុវត្តនៅថ្នាក់ជាតិ
៤. ការពង្រឹងការងារមជ្ឈការសម្រាប់បណ្តាញត្រួតពិនិត្យតាមដានអាងទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់តំបន់
៥. ការបង្កើនការយល់ដឹង និងការប្រើប្រាស់ផលិតផលរបស់គណៈកម្មការទន្លេមេគង្គ ដោយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀត
៦. ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្តការពាក់ព័ន្ធក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ
. ការពិនិត្យពិចារណាលើលទ្ធផលនៃការសិក្សាស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍទន្លេមេគង្គសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀបចំផែនការ ការគ្រប់គ្រង ការអភិវឌ្ឍអាងទន្លេមេគង្គឲ្យបានល្អប្រសើរ និងប្រកបដោយចរីភាព

បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកនៃគណៈកម្មការទន្លេមេគង្គ បានដាក់ចេញទិសដៅមួយចំនួនផងដែរ ដើម្បីជំរុញការអភិវឌ្ឍនៅអាងទន្លេមេគង្គនេះ។ ទិសដៅដែលបានដាក់ចេញនោះរួមមាន៖
១. អះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត ចំពោះការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ឲ្យមានប្រសិទ្ធភាព និងលើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គឲ្យប្រែក្លាយជាស្ថាប័នមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅឆ្នាំ២០៣០ និងបន្តពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាគណៈកម្មាធិការរួម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិនៅក្នុងដំណើរការការងាររបស់គណៈកម្មការទន្លេមេគង្គ
២. លើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គ ឲ្យបន្តខិតខំកៀរគរមូលនិធិពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ខ្លួន
៣. ប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដើម្បីត្រួតពិនិត្យតាមដាន និងធានាលើការអនុវត្តសេចក្តីថ្លែងការក្រុងសៀមរាបឲ្យមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានឯកភាពថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នឹងរៀបចំធ្វើក្នុងខែមេសា ឆ្នាំ២០២២ នៅសាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕