(បាត់ដំបង)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋា្ននស្រុកមោងឫស្សី ខេត្តបាត់ដំបង បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សចំនួន៥ឃុំ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការអាស់ប៉េកា សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋា្ននស្រុកមោងឫស្សី ខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមាណជាង ៥០០នាក់។
ឆ្លៀតនាឱកាសនោះផងដែរលោក អង្គ វង្សវឌ្ឍនា បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការកុគឹសៃ (KOKUSAI) KJO និងក្រុមការងារ ដែលបានសហការនាំយកនូវអំណោយជាកង់ចំនួន៤០០គ្រឿង ចែកជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៃស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយដែលពិតជាមានតម្រូវការដ៏ចាំបាច់នូវកង់ សម្រាប់ជាមធ្យោបាយក្នុងការ ធ្វើដំណើរទៅមកសាលារៀន។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី ក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធជាមួយអង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ក្នុងការស្វែងរកកង់ ក៏ដូចជា សម្ភារសិក្សាចំាបាច់ដទៃទៀត មកចែកជូនសិស្សានុសិស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រមទាំងផ្តាំផ្ញើឲ្យសិស្សានុសិស្សត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវខិតខំប្រឹងប្រែងបន្តការ សិក្សារៀនសូត្រ ឲ្យកាន់តែប្រសើរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។
បន្ថែមពីនេះលោកក៏បានផ្តល់ជូននូវអំណោយជាថវិកា និងសម្ភារសិក្សាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕