(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាឃុំ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុករមាសហែក ខេត្តស្វាយរៀង និងស្រុកអូរាំងឪ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួនជាង៣,០០០នាក់។
ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ជាច្រើនទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ និងអនុវត្តគោលនយោបាយ លើកស្ទូយអតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធ រួមមាន៖ ការផ្ដល់សម្បទានដីសង្គមកិច្ច, ការផ្ដល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង៣ល្អ, ការបង្កើតគណៈកម្មាការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនតាមមូលដ្ឋាន និងការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។
បើតាមសម្ដេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកភោគផលអភិវឌ្ឍន៍ ដោយសមធម៌ តាមរយៈបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្ដ្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាលជាដើម។
ឆ្លើយតបទៅនឹងអ្វីដែលសម្រេចបាននាពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរចំពោះ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអាណាព្យាបាលបច្ចេកទេស នៃបេឡាជាតិរបបសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអនុវត្តការងារសម្រេចបានដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននិងកំពុងតែអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិយ៉ាងមុតមាំ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេស កុមារកំព្រា និងស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច បានរៀបចំប្រព័ន្ធសន្តិសុខសង្គមជាជំហានៗ ស្របតាមកំណើតសេដ្ឋកិច្ច ដែលមានបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការ ស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន បាននិងកំពុងដើរតួនាទីគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធព័ត៌មានវិទ្យា និងធានាដល់ការផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនបងប្អូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជននៅទូទាំង២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូ តាមគោលការណ៍ អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
គិតមកដល់ពេលនេះ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន សរុបចំនួន១០៨,៨៤០នាក់ និងអ្នកនៅក្នុងបន្ទកចំនួនប្រមាណ១៧ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ១៦០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដោយបើកផ្តល់តាមប្រព័ន្ធ ធនាគារជាដៃគូ ទូទាំង២៥ រាជធានី-ខេត្ត៕