(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសតែងតាំងលោកស្រី ម៉ែន ផល្លី ជាអភិបាលរងខេត្តពោធិ៍សាត់, ជំនួសលោកស្រី ជុក សុផានី ត្រូវបានព្រះមហាក្សត្យតម្លើងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។
ពិធីប្រកាសតែងតាំងនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ និងប្រធានមន្ទីរជុំវិញខេត្តប្រមាណ ២០០នាក់។
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋភិបាលកម្ពុជា លេខ ២៣២អនក្រ.តត ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានតែងតាំងលោកស្រី ម៉ែន ផល្លី អតីតអភិបាលក្រុងពោធិ៍សាត់ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។ និងយោងតាមព្រះរាជក្រឹត្យ នសរ/កត/១២១៧/១៣១៣ ត្រូវបានត្រាស់បង្គាប់តែងតាំង លោកស្រី ជុក សុផានី អតីតអភិបាលរងខេត្តពោធិ៍សាត់ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើនឹងទីប្រឹក្សាក្រសួងមហាផ្ទៃ៕