(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នារសៀល ថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី ទេព បុប្ផាប្រសិទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្នុងពិធីនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននិមន្តព្រះសង្ឃចំនួន០៩អង្គ មកពីវត្តឧណ្ណាឡោម ដើម្បីសូត្រមន្ត ប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។
តមក លោកទេសរដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ទាំងអស់ បានអញ្ជើញទស្សនា ឆៃយាំ របាំជូនពរ និងរបាំត្រុដិ ដែលជារបាំប្រពៃណីខ្មែរ តាំងពីបុរាណកាលមក ដើម្បីប្រសិទ្ធិពរជ័យ បវរមហាប្រសើរ និងបណ្តេញឧបទ្រុបចង្រៃទាំងពួង ព្រមទាំងលើករាសីសម្រាប់សេចក្តីសុខ គ្រប់ប្រការទៅថ្ងៃខាងមុខ៕