(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សុខភាព ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់បង្ការជំងឺឆ្លង និងពុលចំណីអាហារ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។

ក្រសួងសុខាភិបាលបន្ថែមថា ដើម្បីបង្ការការចម្លងមេរោគ និងពុលចំណីអាហារជាយថាហេតុ ដែលបណ្តាលមកពីការធ្វេសប្រហែសក្នុងការទទួលទាន ចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនត្រឹមត្រូវ ដែលបណ្តាលឱ្យពុលដែលភាគច្រើនមានរោគសញ្ញាដូចជា៖ ក្អូត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឱ្យ ឈឺមានគ្រោះថ្នាក់ដល់អាយុជីវិត សូមសាធារណជនទាំងអស់
អនុវត្តន៍វិធានការណ៍ដូចខាងក្រោម៖

១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច
២៖ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុននិងក្រោយបន្ទោរបង់
៣៖ លាងបន្លែ ផ្លែឈើឱ្យបានស្អាតមុនបរិភោគ
៤៖ សម្អាតសម្ភារប្រើប្រើប្រាស់ចម្អិន ម្ហូបអាហារឱ្យបានត្រឹមត្រូវ
៥៖ ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦៖ ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧៖ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតនៅកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ

* បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
* បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្តៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ

៨៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់

សម្រាប់ព័ត៌មានបន្ថែមសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖