(ភ្នំពេញ)៖ ដោយមានការរីកចម្រើនក្នុងអាជីវកម្មផ្នែកវេជ្ជសាស្រ្ត និងថ្នាំពេទ្យនៅកម្ពុជា ក្រុមហ៊ុន DKSH កំពុង​ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់រហូតដល់ជាង៣០០ មុខតំណែង ដែលភាគច្រើនគឺ បុគ្គលិក​ផ្នែកលក់ និងទីផ្សារ។ ការជ្រើសរើសនេះ នឹងត្រូវ​ធ្វើឡើងនៅក្នុងកម្មវិធីកិច្ចសម្ភាសប្រចាំខែរបស់​ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រទី០៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។ កម្មវិធីនេះមាន រយៈពេលតែមួយព្រឹកប៉ុណ្ណោះ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង១១៖៣០ព្រឹក នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក គឹម វុទ្ធី ប្រធានជ្រើសរើសបុគ្គលិកក្រុមហ៊ុន DKSH លើកឡើងថា «បច្ចុប្បន្ន DKSH មាន​បុគ្គលិកសរុបជាង ១,៦០០នាក់។ នៅក្នុងកិច្ចសម្ភាសនាថ្ងៃសុក្រខាងមុខ​នេះ ផ្តល់ភាពងាយស្រួលច្រើន​ដល់ក្រុមហ៊ុន ដោយសារយើងអាចប្រមូលបាន CVs ច្រើនក្នុងរយៈពេលខ្លី។ វាជួយសន្សំពេលវេលា មិនអស់កម្រៃ ហើយពិសេសនោះ អាចជ្រើសរើសបុគ្គលិកបានល្អៗ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច​ទាំង CV ទាំងការរៀបចំខ្លួនជាដើម។ យើងនឹងទទួលពាក្យ និងសម្ភាសភ្លាមៗតែម្តង។ បេក្ខជនមួយ​ចំនួនអាចនឹងជាប់ជាស្ថាពរ និងខ្លះទៀត យើងនឹងពិចារណានាពេលក្រោយ» ។

ប្រធានមជ្ឈមណ្ឌលការងារភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក អាំង ភារៈ បានលើក​ឡើងថា កិច្ចសម្ភាសការងារនេះ នឹងផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជនដែល​ចង់​ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរ​ទៅ​ដាក់CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារ​ក៏អាចចូលរួមបានផងដែរ។

កម្មវិធីកិច្ចសម្ភាសប្រចាំខែនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់​ឱកាស​ដល់​សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាច​ទទួលបាន​ការងារកាន់​តែងាយ​ស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ កិច្ចសម្ភា​​​សការងារនេះ​បានរួម​ចំណែក​ជួយពន្លឿនដំណើរការជ្រើស​រើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាស​ផ្ទាល់ជាមួយអ្ន​ក​កំពុងស្វែងរក​ការងារ​ធ្វើ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​កិច្ចសម្ភាសប្រចាំខែ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានី​ភ្នំពេញ​តាមរយៈលេខទូរស័ព្ទ៖ 016 78 66 55/077 23 23 78 ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយ​ងាយ​ស្រួល៕