កម្ពុជារៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ដើម្បីបំផុសស្មារតី និងមនសិការថែរក្សាការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា
05-04-2018 11:51
(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ក្នុងគោលបំណងបំផុសស្មារតី និងមនសិការថែរក្សា ការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិ ខណៈដែលទិវាមួយនេះធ្វើឡើងដោយ អ្នកកាន់ព្រះពុទ្ធសាសនាទាំង៤១ប្រទេស តំណាងពុទ្ធសាសនិក៥១០លាននាក់ ទូទាំងពិភពលោក។
ការប្រារព្ធទិវានេះនៅកម្ពុជា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃកម្ពុជា។
ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានថ្លែងថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។
មួយវិញទៀត ការប្រារព្ធទិវានេះ គឺជាការរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរ ចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ គុណធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិកាដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធ សាសនិក ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល៕