(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការ សម្របសម្រួមមូលនិធិសកលប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលា ក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារមេរោគអេដស៍ នៅប្រទេសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការ USAIDS, UNAIDS, KHANA, HP+, CRS, FHI Linkages 360, និងWNU នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នេះ។
សិក្ខាសាលា ត្រូវបានរៀបចំឡើងដើម្បី ១) ធ្វើបច្ចុប្បន្នភាពនៃការចាប់ផ្តើមជំនួយមូលនិធិសកល ឆ្នាំ២០១៨-២០២០ ២) ពិនិត្យផែនការយុទ្ធសាស្រ្តជាតិលើកទី៤ឡើងវិញ ដើម្បីធ្វើការវិភាគអំពីស្ថានភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងត្រៀមរៀបចំផែនការយុទ្ធសាស្រ្ត លើកទី៥ ៣) ត្រៀមផ្សព្វផ្សាយរបាយការណ៍ វាយតម្លៃលើការត្រៀមខ្លួន ក្នុងការឆ្លើយតបការងារមេរោគអេដស៍ ជំងឺអេដស៍ ក្នុងដំណាក់កាលអន្តរកាល។
បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកវេជ្ជបណ្ឌិត លី ពេញស៊ុន នាយកមជ្ឈមណ្ឌល អំពីការយឺតយ៉ាវមួយចំនួន ក្នុងការអនុវត្តការងារ នៅក្នុងជុំថ្មីនៃជំនួយមូលនិធិសកលមក លោកទេសរដ្ឋមន្រ្តីបានថ្លែងថា ជាមួយនឹងការចាត់ចែងថ្មី ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាស្ថាប័នទទួលជំនួយផ្ទាល់ និងក្រសួងសុខាភិបាលជាស្ថាប័ន ដឹកនាំអនុវត្តគម្រោងនោះ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានវត្តមាន នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ (Retreat) របស់គណៈកម្មាធិការ សម្របសម្រួលជំនួយ មូលនិធិសកល (CCC: Country Coordinating Committee) នៅខេត្តបាត់ដំបង កាលពីពាក់កណ្តាល ខែមីនាកន្លងទៅថ្មីៗនេះ បានសន្យាថា នឹងព្យាយាមដោះស្រាយការងារឲ្យដំណើរការ ទៅដោយរលូន។
គួរបញ្ជាក់ថា នៅក្នុងជុំថ្មីនេះ ថវិកាជំនួយមូលនិធិសកលលើជំងឺអេដស៍ ដល់កម្ពុជាមានចំនួន៤១លានប្រាំមួយសែនដុល្លារ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានរួមចំណែក ជាថវិកាបដិភាគចំនួនប្រមាណ៤លានដុល្លារក្នុងមួយឆ្នាំៗ ពីឆ្នាំ២០១៨ ដល់២០២០ ក្នុងការទិញឱសថប្រឆាំងមេរោគអេដស៍ ជួលមន្រ្តីជាប់កិច្ចសន្យា និងការពង្រឹងថ្នាក់ក្រោមជាតិ ឲ្យចូលមកជំនួសអង្គការក្រៅរដ្ឋាភិបាល នៅពេលដែលជំនួយត្រូវបានបញ្ចប់៕