(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូចា (Prayut Chan-o-cha) នៅសណ្ឋាគារសុខា សៀមរាប។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបនោះថា ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងខួបកំណើតរបស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយក៏បានជូនពរដល់សម្តេចតេជោ នឹងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា លោកបានជួបសម្តេចតេជោ ជាញឹកញាប់ ដែលនេះជាការឆ្លុះបញ្ជាំង ពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និត រវាងថ្នាក់ដឹកនាំក៏ដូចជាឆ្លុះបញ្ជាំងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អផងដែរ។
លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ទៀតថា កម្ពុជា និងថៃ កំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណាក៏ដោយ យើងត្រូវបន្តនូវសហប្រតិបត្តិការនេះបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា ដើម្បីចូលរួមជាគណៈកម្មការទន្លេមេគង្គលើកទី៣នេះ លោក ប្រាយុទ្ធ បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួម របស់ប្រទេសទាំងអស់ នៅតាមដងទន្លេមេគង្គ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ លោក ប្រាយុទ្ធ ដែលបានជូនពរ ក្នុងថ្ងៃខួបកំណើត របស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយសម្តេចតេជោ ក៏បានជូនពរដល់ លោក ប្រាយុទ្ធ ក៏ដូចប្រជាពលរដ្ឋថៃទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ប្រជាពលរដ្ឋថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ស្របទៅនឹងអ្វី ដែលនាយករដ្ឋមន្ត្រីថៃ បានលើកឡើង ហើយសូមធ្វើយ៉ាងណារួមគ្នាប្រឹងប្រែង ឲ្យទទួលបាននូវភាពជោគជ័យ នៃប្រជាពលរដ្ឋរស់នៅ តាមដងទន្លេមេគង្គ៕