(រតនគិរី)៖ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយអនុរដ្ឋលេខាធិកា តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខកម្លាំងនគរបាលការពារព្រំដែន នៃវរនគរបាលតូចលេខ៦២៣ និង២០៣ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស អូរយ៉ាដាវ និងស្រុកតាវែង ខេត្តរតនគិរី។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្ត បាននាំមកនូវផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការជូនពរសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនចំពោះកងកម្លាំងទាំងអស់ ព្រមទាំងសម្តែងនូវការកោតសរសើរនូវវរភាព ដ៏អង់អាចក្លាហាននូវក្នុងបុព្វហេតុបូរណភាពទឹកដី អធិបតេយ្យភាពជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ខណៈដែលជនមួយចំនួនបែរជាបំផុសបំផុល ប្រឌិតព័ត៌មាន និងសន្យាកាត់ទឹកដីឲ្យបរទេសទៅវិញ។
លោក ងី ច័ន្ទ្រផល បន្តថាការផ្សាភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយមានសារៈសំខាន់ដូចគ្នា ហើយជានិច្ចជាកាលថ្នាក់ដឹកនាំជាតិ តែងតែយកចិត្តទុកដាក់ នៅក្នុងការរៀបចំផែនការរក្សាសណ្តាប់ធ្នាប់សាធារណៈ ផែនការការពារជាតិ និងការផ្គត់ផ្គង់កម្លាំងសមរភូមិមុខ។
ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវរនគរបាលទាំងពីរ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួង និងលោកអភិបាលខេត្ត ក្នុងនោះក៏បានឧបត្ថម្ភថវិកាជូនកម្លាំងវរនគរបាលទាំងពីរ សរុប២៨២នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀលផងដែរ៕