(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា ក្រសួងវប្បធម៌គ្រោងនឹងជុសជុលស្ពាន និងប្រាសាទបូរាណជាច្រើននៅឆ្នាំ២០១៨នេះ ដោយចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនេះ គឺថវិកាជាតិ និងថវិកាមូលនិធិអង្គរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រគល់សម្ភារ និងថវិកាមួយចំនួន របស់ក្រសួងវប្បធម៌ ជូននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានបេតិកភណ្ឌ បានគូសបញ្ជាក់ថា ដំណើរការនៃការជួសជុលប្រាសាទបុរាណនេះ ប្រាសាទខ្លះបានបញ្ចប់ជាស្ថាពរហើយ ប៉ុន្ដែខ្លះទៀតនឹងចាប់ផ្ដើមជួសជុល ហើយខ្លះទៀតក៏កំពុងបន្ដជួសជុល។
លោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធកិច្ចការពារសម្បត្តិវប្បធម៌ជាតិ ពិសេសការអភិរក្សជួសជុលសម្បត្តិវប្បធម៌សំណង់បុរាណយើង សម្រាប់ឆ្នាំ២០១៨នេះ មានស្ពានបុរាណទ័ព នៅខេត្តឧត្តរមានជ័យ ដែលចាប់ផ្ដើមជួសជុល នៅក្រោយបុណ្យចូលឆ្នាំថ្មី, ប្រាសាទបសេដ្ឋ នៅខេត្តបាត់ដំបង ដែលនឹងជួលជុលបញ្ចប់ទាំងស្រុង, ប្រាសាទបន្ទាយឆ្មារ [...] ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ, ប្រាសាទព្រះសម្ដី ខេត្តត្បូងឃ្មុំ, ព្រះវិហារបុរាណ នៅវត្តចិនដំដែកខាងជើង, ប្រាសាទបាកាន ខេត្តព្រះវិហារ...»។
អគ្គនាយករូបនេះ បានគូសបញ្ជាក់ថា ការជួសជុលឡើងវិញនេះ គឺត្រូវធ្វើឡើងតាមដំណាក់កាលនីមួយៗ ព្រោះថាប្រាសាទខ្លះមានទំហំធំ និងខ្លះទ្រុតទ្រោមខ្លាំង ហើយមួយទៀត ធ្វើទៅតាមកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលផ្ដល់ជូន ក្រសួងវប្បធម៌ និងមួយទៀតគឺមូលនិធិអង្គរ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ គាំ សារឿន អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានគូសបញ្ជាក់ថា នាយកដ្ឋានការពារបេតិកភ័ណ្ឌ ត្រៀមខ្លួនជានិច្ចសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការងារចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដោះស្រាយនូវបញ្ហាប្រឈម បាតុភាព បទល្មើសផ្សេងៗ និងចុះបោះបង្គោលកំណត់តំបន់ ការពាររម្មណីដ្ឋានប្រវត្តិសាស្ដ្រ ដើម្បីទប់ស្កាត់រាល់ការរំលោភបំពានពីជនខិលខូច។
សូមបញ្ជាក់ថា ប្រាសាទបុរាណ និងស្ពានបុរាណ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងជុសជុលឡើងវិញនេះ ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សសម្រាប់ទុកឲ្យក្មេងៗ ជំនាន់ក្រោយបានឃើញ និងស្គាល់ឡើងវិញ បើទោះបីជាការជួសជុលមិនបានដូចដើមក៏ដោយនោះ៕